ភ្នំពេញ៖ លោក ចែម ចាន់តារា ហៅនាយ ពាក់មី គឺជាតារាកំប្លែងមួយរូបដែលទទួលបានប្រជាប្រិយភាពនិងមានការគាំទ្រជាខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ព្រោះអ្នកកំប្លែងដែលមិនភ្លេចកំណើតដើមជាកម្មករសំណង់នៅលូ៥រូបនេះ ពុំត្រឹមតែមានសមត្ថភាពសម្តែងនោះទេ គឺថែមទាំងអាចជាអ្នកនិពន្ធរឿងកុនខ្មែរនៅក្នុងផលិតកម្មមួយចំនួនក្នុងស្រុកផងដែរ។ ជាពិសេសនៅពេលនេះ លោកបានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ជាមួយសកម្មភាពថ្មី គឺការលែងបាល់ទះមិត្តភាព ដើម្បីសម្បុរសធម៌ ជាមួយគូប្រកួតផ្សេងៗដែលមានឈ្មោះល្បីនៅក្នុងស្រុកខ្មែរ។
ពិតមែនហើយ ក្រៅពីបង្ហោះនិយាយលេងសើចនៅក្នុងផេកហ្វេសប៊ុករបស់ខ្លួន ក្នុងនោះជារឿងៗ គេតែងសង្កេតឃើញនាយ ពាក់ មី ក៏បានចូលរួមបញ្ចេញមតិខ្លះៗ ជាមួយការរិះគន់នូវអ្វីដែលលោកមើលឃើញថាមិនល្អ និងព្រមទាំងការលើកសរសើរដល់បុគ្គលមួយចំនួនដែលកំពុងធ្វើនូវអំពើល្អៗនៅក្នុងសង្គមផងដែរ។
ជាក់ស្តែងថ្មីៗនេះ ដោយសារតែលោកអត់ទ្រាំពុំបាននឹងពាក្យមនុស្សមួយចំនួន ដែលតែងតែវាយប្រហារទៅលើអ្នកស្រី ទ្រីដាណា មិនចេះចប់មិនចេះហើយជាពិសេសទាក់ទងនឹងការចុះជួយជនទីទ័លក្រ និងជួបការលំបាក ដោយរិះគន់ថាធ្វើដើម្បីយកមុខ ឬភាពល្បីល្បាញប៉ុណ្ណោះនោះ លោកក៏បានបង្ហោះសារឆ្លើយតបទៅកាន់អ្នករិះគន់អ្នកស្រី ទ្រីដាណា បែបនេះថា៖ «(មានអ្នកខ្លះ ថាគាត់សម្តែងចង់ល្បី ឬប្រម៉ូតអាជីវកម្មគាត់) សម្រាប់ខ្ញុំខ្ញុំគិតថា ទោះគាត់ចង់ល្បីឬចង់ប្រម៉ូតអាជីវកម្មគាត់ឬ គាត់ធ្វើដោយបេះដូងពិត តែគាត់បានធ្វើឲ្យប្រជាជនដែលខ្វះខាតក្រីក្រ រងគ្រោះ អ្នកជំងី បានផលប្រយោជន៍ពីគាត់ជាច្រើន អ្នកខ្លះបានរាប់ពាន់ដុល្លារពីគាត់ក៏មានដែរតើអ្នករិះគន់គាត់ បានធ្វើឲ្យប្រជាជនបានផលប្រយោជន៍ដូចគាត់ហើយឬនៅ?»។
ប៉ុន្តែ អ្វីដែលលោកហួសចិត្តខ្លាំងបំផុតនោះ គឺដោយសារសារព័ត៌មានអនឡាញមួយ ដែលគេមិនដឹងថា ព្រោះតែដើម្បីចង់បានការទាក់ទាញពេក ឬ ក៏សរសេរគ្មានការគិតពិចារណាយ៉ាងណានោះទេ ជាពិសេសចំណងជើងបែរជាថាលោកអត់ទ្រាំពុំនឹងអ្នកស្រីទ្រីដាណា ក៏បាននិយាយពាក្យយ៉ាងចាក់ដោតបែបនេះ…. ដែលធ្វើឲ្យមហាជនមួយចំនួនមានការយល់ច្រឡំចូលខមិនជេរលោកឡើងកប់ៗមាត់តែម្តង។
ជាមួយគ្នានេះផងដែរ លោកក៏បានបង្ហោះសារផ្តាំផ្ញើទៅកាន់សារព័ត៌មាននោះយ៉ាងដូច្នេះថា៖ «អ្នកសាព័ត៌មានអើយ កុំសរសេរទាក់ទាញពេក គេមើលតែចំណងជើង គេជេរខ្ញុំងាប់ហើយ»៕ ដោយ៖ លឹម ហុង