បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ។
រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី ៩ ខែតុលា ២០២០ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។
តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូន ។
នៅព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចុះអន្តរាគមន៍ពិនិត្យស្ថានភាពទឹក និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅស្រុករុក្ខគិរី មកនៅទីទួលសុវត្ថិភាព នៅក្នងព្រែកជីក ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកអភិបាលស្រុក លោកប្រធាន និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
តាមព័ត៌មានបឋមនៅតំបន់ទំនាបនៃស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត ស្រុករុក្ខគិរី ស្រុកមោងឬស្សី ស្រុកភ្នំព្រឹកនិងស្រុកសំពៅលូន ។
តាមស្ថានភាពជំនន់ទឹកភ្លៀងនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២០ កំពុងបង្កឱ្យមានការលិចលង់លំនៅដ្ឋាន សត្វពាហនៈរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យកម្លាំងនគរបាលចេញអន្តរាគមន៍សហការណ៍ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។ក្នុងពេលនេះលោកស្នងការបានត្រៀមកម្លាំងនគរបាលដើម្បីចេញអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋនៅមូលដ្ឋានផ្សេងទៀតក្នុងខេត្តបាត់ដំបង។
ជាមួយនឹងសកម្មភាពនេះលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលចូលរួមអន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរីខេត្តបាត់ដំបង។ ក្រៅពីស្រុករុក្ខគីរីក៏មានស្រុកមួយចំនួនដែលនៅជាប់ព្រំដែនកម្ពុជា ថៃក៏កំពុងទទួលរងការប៉ះពាល់ដូចគ្នានេះដែរ ហើយកងកម្លាំងនគរបាលកំពុងចូលរួមជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំបំផុត៕ដោយ៖បញ្ញាស័ក្តិនិងអ៊ុងសារុំ