បាត់ដំបង៖បើតាមប្រភពពី រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបត ដែលអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចះមូលដ្ឋានស្រុករុក្ខគិរី និងក្រុមការងារស្មគ្រចិត្តជាច្រើនរូបទៀត ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាគ្រោះធម្មជាតិផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។
តំបន់មួយចំនួននៅក្នុងស្រុកភ្នំប្រឹក និងស្រុករុក្ខគិរី បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ។ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងខេត្ត បានបើកប្រតិបត្តិការភ្លាមៗយ៉ាងសស្រាក់សស្រាំចុះជួយប្រជាពលរដ្ឋរងការជន់លិចទៅរកទីទួលសុវត្ថិភាព។
ក្រៅតែពីខេត្តបាត់ដំបង បណ្តាខេត្តជាច្រើនទៀតនៅខេត្តភាគពាយព្យប្រទេស ក៏បានរងការជន់លិចផងដែរ។ ក្នុងនោះខេត្តពោធិ៍សាត់ បានរងការជន់លិចធ្ងន់ធ្ងរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី គន់ គីម អ្នកប្រតិបត្តិការជួរមុខលើសមរភូមិគ្រោះមហន្តរាយ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រោះមហន្តរាយនេះ បានតាមដាន ដឹកនាំ និងបញ្ជាជាប់ជាប្រចាំក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀងនេះ។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជន់ និងការសង្គ្រោះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់។
បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម រហូតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ តែទោះជាយ៉ាងក្រោមការប្រឹងប្រែងសង្គ្រោះរបស់អាជ្ញាធរពាក់ព័ន្ធនោះ មិនទាន់មានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។
ទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី បន្តអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់គោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការជន់លិចនេះគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាជ្ញាធរមិនបានដឹងនោះឡើយ៕ដោយ៖បញ្ញាស័ក្តិ