មហាជនខ្មែរជាច្រើន បានបង្ហាញនូវអារម្មណ៍រំភើប និងមានមទនភាពជាខ្លាំង ក្រោយពីបានឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Jaya Raketo បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញប្អូនស្រីម្នាក់ឈ្មោះ ស៉ីយូអ៉ី (씨유이) និស្សិតខ្មែរសិក្សានៅប្រទេសកូរ៉េខាងត្បូងបានដណ្តើមជ័យលាភីលេខ១ នៅក្នុងកម្មវិធី QUIZ ON KOREA 2020។
ក្នុងនោះផងដែរ ម្ចាស់គណនីខាងលើបានសរសេររៀបរាប់បញ្ជាក់ឲ្យដឹងថា៖ «អបអរសាទរចំពោះប្អូនស្រី ស៉ីយូអ៉ី (씨유이) ដែលបានទទួលពានរង្វាន់លេខ១ក្នុងការឡើងប្រកួតប្រជែងកម្មវិធី (2020 QUIZ ON KOREA) នៅលើទូរទស្សន៍ KBSTV ។ បានតាមដានមើលផ្ទាល់ ពិតជាពូកែក្នុងចំណោមអ្នកពូកែៗមកពីប្រទេសផ្សេងៗ»។
សូមជម្រាបឲ្យដឹងផងដែរថា QUIZ ON KOREA 2020 គឺជាកម្មវិធីប្រកួតប្រជែងសមត្ថភាពល្បងប្រាជ្ញា ដែលសហការរៀបចំឡើងដោយទូរទស្សន៍ KBS និងក្រសួងវប្បធម៌កីឡា និងទេសចរណ៍ ចាប់តាំងពីឆ្នាំ២០១២ មកម្ល៉េះ។
ដោយសារការផ្ទុះឡើងនៃវីរុស COVID-19 ហេតុនេះ កម្មវិធីសម្រាប់ឆ្នាំ២០២០ ពុំបានអញ្ជើញបេក្ខជនមកពីបណ្តាប្រទេសផ្សេងៗនោះទេ។ ប៉ុន្តែ ជំនួសមកវិញ កម្មវិធីនេះបានអញ្ជើញនិស្សិតបរទេស និងនិស្សបញ្ចប់ការសិក្សានៅកូរ៉េ មកចូលរួមប្រកួតប្រជែង។ ក្នុងនោះ និស្សិតឆ្នើមៗមកពីវិស័យផ្សេងៗគ្នា ដូចជា Yoo Jae-seok, Song Ga-in និង Darcy Paquet មកចូលរួមប្រកួតដោយបេក្ខជនម្នាក់ៗតម្រូវឲ្យដកយកសំនួរ ហើយចុចប៊ូតុងរោទិ៍ រួចឆ្លើយ។
ជាលទ្ធផល ម្ចាស់ជ័យលាភីលេខ១ គឺបានទៅលើប្អូនស្រី ស៉ីយូអ៉ី ដោយទទួលបានទឹកប្រាក់រង្វាន់ចំនួន ១០លានវ៉ុន (ស្មើនឹងជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក)៕ ដោយ៖ លឹម ហុង