ស្វាយរៀង ៖ លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុករមាសហែក នៅថ្ងៃ ទី១០ ខែតុលាឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារប្រគល់សម្ភារ និងគ្រឿងបរិក្ខារ ដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។
ក្នុងពិធីប្រគល់នោះលោកប្រធាន បានថ្លែងថា បច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើងផងដែរ។ នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមលោក ផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនឹងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជាបន្តបន្ទាប់ដែលបម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងបានធ្វើការបែងចែកសម្រាប់បង្ការដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងខេត្តផងដែរ។
ក្នុងនោះផងដែរ លោកប្រធានបានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជូនដល់រដ្ឋាភិបាលមានគ្រឿងឧបភោគ បរិភោគ សម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។
លោកក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យ តាមក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
សម្ភារដែលបានប្រគល់ជូនរួមមាន៖ សាប៊ូលាងដៃ ៦៦០ដុំ, ម៉ាស ១០២០ប្រអប់, អាល់កុល ១៧៤០លីត្រ ផងដែរ៕ ដោយ៖វ៉ៃកូ