ប៉ៃលិន៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយ ឯកឧត្តម ធូ ភា, ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុក សាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់ទាំងបីប្រភេទ គណៈបញ្ជាការកងឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលបានដុតដៃដុតជើង ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋមកទីទួលមានសុវត្ថិភាព និងធ្វើការគ្រប់គ្រងសភាពការណ៍ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ និងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ហើយត្រូវមានកម្លាំងប្រការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបភ្លាមៗឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជំងឺតម្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា៖ ចំពោះផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ដូចខាងក្រោម ៖ ១-ក្រុងប៉ៃលិន ទឹកជន់ចូលផ្ទះចំនួន ៥៤ ខ្នង និងទឹកហូរកាត់ផ្លូវចំនួន ៥ខ្សែ ប្រវែង ៦៥០ម៉ែត្រ (ស្រកអស់ហើយ) ២-ស្រុកសាលាក្រៅ ទឹកជន់ចូលផ្ទះចំនួន ៣៦៣ខ្នង និងវត្តចំនួន ២ សាលារៀន ចំនួន ២ ទឹកហូរកាត់ផ្លូវចំនួន ១០ខ្សែ ប្រវែង ២៣០០ម៉ែត្រ និងទឹកជន់ហូរកាត់ខ្នងទំនប់ចំនួន ៧ខ្សែ ប្រវែង ១៣៥០ម៉ែត្រ៕
ដោយ៖បញ្ញាស័ក្តិ