តាកែវ៖ ដោយសារតែប្រទេសកម្ពុជាកំពុងរងសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យស្ថានភាពទឹកជំនន់កំពុងកម្រាមកំហែង និងបន្តជនលិចនៅតំបន់មួយចំនួននៅក្នុងខេត្តបាត់តំបង ពោធិ៍សាត់ បៃលិន និងខេត្តផ្សេងៗទៀតនៅក្នុងប្រទេស ក្នុងនោះក៏មានខេត្តតាកែវ នៅស្រុកបាទី និងស្រុកសំរោង ក៏កំពុងតែងរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងដែរ ដើម្បីបង្ការទប់ស្កាត់ និងត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង) ឱ្យបានទាន់ពេលវេលា លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានរៀបចំកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ចុះជួយទប់ការពារការបាក់ទំនប់នៅចំណុច”ក្បាលសែន”ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលកម្ពស់ទឹកហក់ឡើងខ្លាំងនៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ដែលប្រតិបត្តិការនេះ ក៏មានការចុះត្រួតពិនិត្យផ្ទាល់ពីសំណាក់ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ ទន្ទឹមនឹងកម្លាំងដែលចុះជួយជាក់ស្តែង លោកឧត្តមសេនីយ៍ទោ ស្នងការ បានត្រៀមរៀបចំកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅស្នងការដ្ឋាន និងនៅតាមបណ្តាអធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង ទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ ព្រមទាំងត្រៀមនូវមធ្យោបាយ និងសម្ភារ ដើម្បីរង់ចាំអន្តរាគមន៍សង្គ្រោះក្នុងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង នេះដែលកំពុងគំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ ទាំងមូលផងដែរ៕ ដោយ៖ តាកែវ