ភ្នំពេញ៖ព្យុះទី១៥ ឈ្មោះលីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពល នៅតំបន់ប៉ាក់សេ ប្រទេសឡាវ ដែលនឹងធ្វើឱ្យទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា ព្យុះទី១៥ឈ្មោះលីនហ្វាLINFAបានថយ ឥទ្ធិពលមកនៅត្រឹមកម្រិតជាវិសម្ពាធTD នៅលើភាគខាងត្បូងបំផុតនៃប្រទេសឡាវជាប់កម្ពុជា។ ឯវិសម្ពាធTDថ្មីដែលបានដើរឆ្លងផុតប្រទេសហ្វីលីពីនចូលមកក្នុងសមុទ្រចិនខាងត្បូងកាលពីព្រលប់ថ្ងៃទី១១ខែតុលា បានបង្កើនឥទ្ធិពលនិងវិវត្តទៅជាព្យុះទី១៦ តាមការព្យាករណ៍មានដំណើរកាត់ក្រោមកោះហៃណាំ ចូលក្នុងឈូងសមុទ្រតុងកឹងមុនទៅដល់តំបន់ឆ្នេរភាគខាងជើង នៃប្រទេសវៀតណាម។
ព្រមពេលជាមួយគ្នានេះសម្ពាធទាបសកម្មមួយទៀតនៅក្នុងសមុទ្រភាគអគ្នេយ៍នៃ ប្រទេសហ្វីលីពីនក៏មានដំណើរចូលមកក្នុងសមុទ្រចិនហើយអាចវិវត្តទៅជាព្យុះថ្មីមួយ ទៀតមានឥទ្ធិពលដល់កម្ពុជានៅចុងសប្តាហ៍នេះដែរ។
ព្យុះទី១៥បានថយឥទ្ធិពលមកនៅជាវិសម្ពាធបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅតំបន់អាងទន្លេមេគង្គលើក្បែរប្រទេសកម្ពុជាធ្វើឱ្យទឹកទន្លេមេគង្គដែលមានកម្រិតទាបបំផុត នៅក្នុងរដូវវស្សាឆ្នាំ២០២០បានហក់ឡើង នៅចុងរដូវវស្សានេះនិងបង្កឱ្យមានជំនន់ នៅលើខេត្តជាច្រើនរួមទាំងភាគខាងត្បូង របស់រាជធានីភ្នំពេញដែរផង៕ ដោយ៖បញ្ញាស័ក្តិ