ដូចដែលប្រិយមិត្តប្រាកដបានស្គាល់រួចមកហើយ តារាចម្រៀងប្រុសជួរមុខក្នុងផលិតកម្មរស្មីហង្សមាស លោកឆន សុវណ្ណរាជ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានមហាជនទូទាំងប្រទេសជាពិសេសមិត្តៗយុវវ័យដែលបានសរសើរថាលោកមានទឹកដមសំឡេងផ្អែមស្រទន់។
យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើឲ្យអ្នកគាំទ្រឡើងស្រឡាំងកាំងនិងក៏មានការរំភើបជំនួសជាខ្លាំងតែម្តងបន្ទាប់ពីបានឃើញលោកត្រូវបានមិត្តភក្តិ និងបងប្អូន ធ្វើពិធីខួបកំណើតឲ្យ ដោយបង្កប់នូវកាដូដ៏ពិសេសនៅក្នុងនំខេក ដែលមានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ១វង់ ផងដែរ។
តែទោះយ៉ាងណា ក្រោយពីបានបង្ហោះនូវទិដ្ឋភាពទាំងនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏ស្រាប់តែមានមហាជនមួយចំនួនបានចូលទៅខមិនរិះគន់យ៉ាងចាស់ៗដៃតែម្តង ដោយក្នុងនោះបានគេបានលើកឡើងបែបនេះថា៖ «សុំទោសអូនបងមិនថាអីទេ តែសូមអូនកុំបញ្ចេញ និងសម្ញែងលុយបែបនេះនៅពេលដែលប្រជាជនយើងកំពុងតែជួបគ្រោះធម្មជាតិលិចទឹក គ្មានទីជំរក កុំភ្លេចថាយើងមានថ្ងៃនេះក៏ដោយសារតែមានពួកគាត់ជួយគាំទ្រដែរ បងគិតថាវាមិនសូវសមណាអូន»។ រីឯអ្នកខ្លះទៀត ក៏បានខមិនរូបកំពូលមេចោរ អារ៉ាស្មាច់ ដោយពោលពាក្យដ៏ញាក់សាច់បែបនេះថា «បើសិនឥឡូវបងនៅរស់ ម្លេះអ្នកលក់ឡេ និងមនុស្សមួយចំនួនមិនហ៊ានបង្ហោះបង្អួតឡានទំនើប ចិញ្ចៀនពេជ្រ និងលុយដុល្លារក្នុងបណ្តាញសង្គមទេ…»។
ដោយអត់ទ្រាំនឹងពាក្យរិះគន់ខាងលើនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយបានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកខ្លួនថា៖ «បងប្អូនខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡេីងកប់ៗមាត់ និយាយទៅអោយតែអ្នកសិល្បៈធ្វើអីក៏ខុសដែរ អោយតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុសមេីលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យេីងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនអោយតម្លៃអ្នកសិល្បៈខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បៈហ្នឹងវាអន់ខ្លាំងណាស់ទៅហេក្នុងក្រសែភ្នែកនាក់? សុំទោសបេីខ្ញុំនិយាយខុស»។
តែក្នុងនោះ ក៏មានអ្នកជួយផ្តល់ជាគំនិតល្អដើម្បីលើកប្រជាប្រិយភាព ឆន សុវណ្ណារាជ ថា៖ «បងហា៎ បើបងយកលុយនេះខ្លះ ទៅចែករំលែកដល់ជនក្រីក្រដែលពុងជួបទឹកជំនន់ គឺរឹតតែមានន័យ» ៕ ដោយ៖ លឹម ហុង