ថ្មីៗនេះ ជម្លោះឡើងតឹងសរសៃកដាក់គ្នានៅលើដងផ្លូវ ដោយសារបុរសជនជាតិបារាំងម្នាក់ដែលបានត្រូវចោទប្រកាន់ជិះម៉ូតូធំលើកជើងធាក់ឡានគេ និងសូម្បីចុះពីម៉ូតូប្រើអំពើហិង្សាទៅលើអ្នកបើកបរទៀត បានបង្កឲ្យមានការវែកញែកខុសនិងត្រូវ ឡើងចម្រូងចម្រាស់តែម្តង។
តាមរយៈវីដេអូឡាយស្តែងៗ នោះហេតុការណ៍ខាងលើនេះ ដែលបានកើតឡើងនៅមុខការដ្ឋានមួយ ស្ថិតក្នុងស្រុកគគរ (ខេត្តពោធិ៍សាត់) គេបានឃើញបុរសជនបរទេសម្នាក់ បានឈប់ម៉ូតូកាក់ពីមុខរថយន្ត១គ្រឿង ហើយចុះមកទាញទ្វារថយន្ត រួចវាយមកលើអ្នកបើកបរយ៉ាងសាហាវ ដោយអត់សួរនាំហេតុផលឡើយ។
បើតាមសម្តីស្ត្រីម្នាក់ត្រូវជាក្មួយបុរសរងគ្រោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនបរទេសរូបនេះបានជិះម៉ូតូធំពាក់ផ្លាកលេខ ភ្នំពេញ 1GV-2852 បានវ៉ាឡានគេ ហើយក៏ស្រាប់តែយកជើងធាក់មកឡានពូគាត់តែម្តង ដែលកំពុងបើកសុខៗសោះ ហើយបន្ទាប់មកបុរសបរទេសរូបនេះ ក៏បានចុះពីម៉ូតូមកវាយយ៉ាងសន្ធាប់មកលើពូកគាត់ ខណៈដែលក្នុងរថយន្តមានទាំងក្មេងទាំងមនុស្សចាស់ និងអ្នកមានផ្ទៃពោះទៀត។
បើអ្នកបកប្រែដែលជាក្រុមជិះម៉ូតូធំរួមដំណើរជាមួយបុរសជនជាតិបង្កហិង្សារូបនេះ បានប្រាប់ថា អ្នកបើកបររថយន្តរងគ្រោះ បានលឺស៊ីប្លេសុំវ៉ាហើយ តែបែរជាបើករ៉េចូលកៀរគាត់ ដែលជាហេតុធ្វើឲ្យគាត់ផ្ទុះកំហឹងបែបនេះតែម្តង។ ប៉ុន្តែ ការចោទប្រកាន់បែបនេះ ត្រូវបានសាច់ញាតិបុរសរងគ្រោះដែលបើករថយន្តពីខាងក្រោយ បានអះអាងថា គាត់ពុំបានបើកកៀរម៉ូតូបុរសជនជាតិបារាំងរូបនោះទេ គឺបើកធម្មតាប៉ុណ្ណោះ។
ទោះយ៉ាងណា ក្រោយជជែកគ្នាឡើងតឹងសរសៃកមួយសន្ទុះ នៅទីបំផុតបុរសជនជាតិបារាំងនោះ ក៏បានដោះមួកធ្វើការសុំទោស ហើយក៏បានជិះម៉ូតូរួមជាមួយក្រុម Rider ជនជាតិខ្មែរប៉ុន្មាននាក់ បន្តដំណើរទៅមុខទៀត ដោយពុំបង្កការរំខានដល់សមត្ថកិច្ចឡើយ។
តែយ៉ាងណា ជុំវិញទង្វើចុះពីម៉ូតូវាយគេយ៉ាងសាហាវគ្មានសួរនាំហេតុផល និងដោះស្រាយតាមសន្តិវិធីពីសំណាក់ជនបរទេសរូបនេះ ឃើញថា បានធ្វើឲ្យមហាជនជាច្រើនផ្ទុះកំហឹងបែបៗនេះថា «ដំបងនៅនឹងដៃទុកធ្វើអ្វី ដាក់វាឲ្យបែកក្បាលវិញទៅ កុំឲ្យធ្លាប់ថ្ងៃក្រោយ»។ ខណៈអ្នកខ្លះទៀតរិះគន់ថា «មិនកាន់ជើងខាងណាទេ តែនិយាយតាមមើលឃើញ ពួកក្រុម Rider ឲ្យតែចេញម៉ូតូធំ គឺថាផ្លូវមួយកាងពេញហ្មង»។ តែយ៉ាងណា ក្នុងនោះក៏មានអ្នកខ្លះបានលើកឡើងថា «មានហេតុទេីបមានផល មិនមែននៅសុខៗគេមករករឿងទេ ពិចារណាតាមការគួរ…»៕ ដោយ៖ លឹម ហុង