Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១១ ខែតុលា មនុស្ស​៥​នាក់​លង់ទឹក​ស្លាប់ ក្នុងអំឡុង​ជំនន់​ទឹកភ្លៀង​

​ភ្នំពេញ​៖ ខណៈ​បណ្តា​ខេត្ត​មួយចំនួន កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង គឺ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក ក្នុងអំឡុង​ជំនន់​ទឹកភ្លៀង​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា មនុស្ស​ទាំង​៥​នាក់​ដែល​ស្លាប់​ដោយ​លក់​ទឹក​នេះ មាននៅ​ក្នុង​ខេត្តស្វាយរៀង​ម្នាក់​, ព្រៃវែង​ម្នាក់​, បន្ទាយមានជ័យ​ម្នាក់​, កណ្ដាល​ម្នាក់ និង​ខេត្តកំពង់ធំ​ម្នាក់​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏បាន​ក្រើនរំលឹក និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផងដែរ និង​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន ដែល​បាន​ទៅ​អន្ដរាគមន៍​ជួយសង្គ្រោះ​។​

​បើតាម​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គឺ​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​តំបន់​សម្ពាធ​ទាប ហើយក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ទន្ទឹមនឹងនោះ​សម្ពាធ​ទាប​សកម្ម (Active Low) នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​វិ​វត្ត​ប្រែប្រួល​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ធាតុអាកាស នៅក្នុង​ប្រទេស​កម្ពុជា ទទួល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាច្រើន​ថ្ងៃ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​បណ្ដាល​ឲ្យ​ខេត្ត​ភាគ​ពាយព្យ និង​ភាគ​ខាងជើង​ស្ថិត ក្នុងភូមិ​សាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក ជួរ​ភ្នំក្រវាញ បន្ត​ទទួលរង​នូវ​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​ជា​បន្តបន្ទាប់​។ ក្នុងពេល​ជាមួយគ្នា​នោះ​នៅ​តំបន់​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀង ខ្យល់​បក់បោក លាយឡំ​នឹង​រលក​សមុទ្រ​ខ្ពស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×