ភ្នំពេញា៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា នៅសល់ប្រមាណជា៣ទៅ ៤ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី១២ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញនឹងស្រកអស់មកជាធម្មតាវិញ ខណៈដែលក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពុន ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពីរសៀលនិងយប់ថ្ងៃទី ១១ ខែតុលា ដោយចាប់ពីម៉ោង២និង៣០នាទីរសៀល រហូតដល់ម៉ោង១រំលងអធ្រាត្រ។
ការបញ្ជាក់បែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើង ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយបូមទឹកបឹងទំពុននាព្រឹកថ្ងៃទី ១២ខែតុលានេះ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ខណៈដែលយើងប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន ៣កន្លែង នោះគឺបិទទ្វារទឹក នៅប្រឡាយបារាំងនៅបឹងសាឡាង និងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។
លោកបន្តទៀតថា ក្រោយពីក្រុមការងារបានសម្រុកបូមទឹកនៅស្ថានីយបឹងទំពុននេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏បានស្រកអស់ផងដែរ ហើយវានឹងបន្តស្រកនៅតំបន់មួយចំនួនទៀត ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បើមានភ្លៀងខ្លាំងបែបនេះទៀត គឺយើងបានត្រៀមរួចរាល់ហើយ ទាំងបញ្ជាការដ្ឋានអង្គរក្សដែលមានម៉ាស៊ីនជួយអន្តរាគមន៍ ១០ទៅ២០គ្រឿង ដើម្បីស្ដារស្ថានភាពឲ្យមកដំណើរការជាធម្មតាវិញ ។
ក្នុងនោះដែរ លោកឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយសារការលិចលង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីដោះស្រាយលើការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋដោយសារតែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។
លោកបន្តថា គ្រោះធម្មជាតិកាលពីយប់មិញ ជាគ្រោះធម្មជាតិមួយដែលរាជធានីភ្នំពេញរបស់យើង មិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀត ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។ លោកថា ឆ្នាំខាងមុខយើងនឹងយកកម្រិតទឹកភ្លៀងនៅពេលនេះ ដើម្បីរៀបចំម៉ាស៊ីនបូមទឹក ប្រឡាយ អាងស្តុកទឹកឱ្យមានស្ថិរភាពល្អប្រសើរទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវ៣៧១ នៅចំណុចស្ថានីយបឹងទំពុននេះ កាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញ កាលពីព្រឹកថ្ងៃទី១២ តុលានេះហើយស្ថានភាពនៅស្ថានីយនេះឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ។
រហូតមកដល់ព្រឹក និងបន្តមកដល់រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ កំពុងមានវត្តមានបន្តដឹកនាំមន្ត្រី ចុះពិនិត្យស្ថានីយ៍បូមទឹក៣៧១ ដើម្បីរកវិធីសាស្ត្ររំដោះទឹកដែលបានជន់លិចស្ថានីយ និងបណ្តាយផ្លូវក្នុងភូមិមួយចំនួននៃសង្កាត់បឹងទំពុន១ និងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យទៅហូរទៅកាន់កន្លែងស្តុកទឹកនៃបឹងធំៗនៅជាយរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីយប់មិញ គឺរយ:ពេលជាច្រើនម៉ោង មន្ត្រីអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងព្យាយាមយ៉ាងយកចិត្តទុកដាក់ ក្នុងការរំដោះទឹកជន់ចេញពីស្ថានីយបូមទឹក៣៧១ ខណៈដែលគិតត្រឹមព្រឹក ថ្ងៃទី១២ខែតុលា ឆ្នាំ២០២០ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង, ហើយស្ទើរពេញមួយថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ ទទួលរបាយទឹកភ្លៀងច្រើនបង្គួរ ពោលគឺ គ្រប់កន្លែងជូនរលឹម ជូនខ្លាំង បណ្ដាលឲ្យទឹកលិចលង់ច្រើនកន្លែង។
សូមបញ្ជាក់ថា ស្ថានីយបូមទឹកបឹងទំពុន ៣៧១ នេះ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ លើបណ្តោយផ្លូវ៣៧១ ត្រូវបានបើកចរាចរណ៍ធម្មតាទេ ដើម្បីអាចឱ្យក្រុមការងារជំនាញតទុយោបូមទឹកចេញពីទីតាំងកំពុងជន់លិច នាំយកទៅទម្លាក់ក្នុងផ្ទៃបឹងទំពុនវិញ។
ជាក់ស្ដែង មកដល់ព្រឹកថ្ងៃទី១២ ខែតុលា និងបន្តមកដល់ពេលរសៀលថ្ងៃដដែលនោះ មន្ត្រីថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងមន្ត្រីជំនាញ កំពុងរិះរកវិធីសាស្ត្ររំដោះទឹកចេញពីតំបន់ស្ថាននីយបូមទឹក៣៧១ និងទឹកជន់លិចតាមបណ្ដាផ្លូវជាច្រើនទៀតក្នុងសង្កាត់បឹងទំពុន១ និងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ដោយ៖ មីដា និងបញ្ញាស័ក្តិ