ស្វាយរៀង៖ជំនន់ទឹកភ្លៀងនៅ បានប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន៦៧ហិកតា ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រាខេត្តស្វាយរៀង។
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ខែតុលាឆ្នាំ ២០២០នេះថា ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរស្រុកចន្ទ្រាបានចុះពិនិត្យជាក់ស្ដែង ដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀងដោយផ្អែកលើរបាយការណ៍ របស់លោកមេឃុំចន្ទ្រា និងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានការបើកទ្វារទឹកមកពីខាងលើ មានអាងទឹកដូនទយ អាងទឹកធ្លកកំបុត និងអាងទឹកស្វាយយាបណ្ដាលឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋ និងដោយសារតំបន់នោះ ជាតំបន់ធ្វើស្រូវប្រដេញទឹករៀងរាល់ឆ្នាំនៅខែវិច្ឆិកា ប៉ុន្តែពួកគាត់បានធ្វើស្រូវប្រដេញទឹកនៅដើមខែកញ្ញា ដោយសារពួកគាត់ខ្លាចខ្វះទឹកជាហេតុនាំឲ្យជួបបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀង (ស្រូវអាយុកាល២០ថ្ងៃ)។
លោកបានបន្តថា ដោយផ្អែកតាមការពិនិត្យជាក់ស្តែងផ្ទៃដីសរុបពីរភូមិមានចំនួន ៦៧ហិកតាប៉ះពាល់ ៣៥ហិកតា ខូចខាតសរុប ៣២ហិកតាស្មើនឹង ២៦គ្រួសារ។ ក្នុងនោះភូមិសែនត ផ្ទៃដីសរុប៣៥ហិកតា ប៉ះពាល់សរុប២៥ហិកតា ខូចខាតទាំងស្រុង១០ហិកតា ស្មើ១០គ្រួសារ, ភូមិចន្ទ្រាផ្ទៃដីសរុប៣២ហិកតា ប៉ះពាល់១០ហិកតា ខូចខាតទាំងស្រុង២២ហិកតាស្មើ១៦គ្រួសារ ផ្ទៃដីដែលប៉ះពាល់និងខូចខាតមានទីតាំងតាមមាត់អូរនិងបឹង។
លោកបានបន្តថា ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត តែងតែជំរុញឲ្យកសិករយកចិត្តទុកដាក់ ស្ដាប់តាមការណែនាំរបស់ការិយាល័យកសិកម្មស្រុក ដូចជាមន្ទីរកសិកម្មខេត្តនិងការព្យាករណ៍ឧតុនិយម មុនសម្រេចចិត្តធ្វើការដាំដុះ និងជ្រើសពូជដែលធន់នឹងការរាំងស្ងួត ទឹកជំនន់និងត្រៀមពូជសម្រាប់ធ្វើការដាំដុះស្ដារឡើងវិញនៅពេលទឹកស្រក។
លោកណុប ទូច អនុប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្តស្វាយរៀង បានឲ្យដឹងថា ចំពោះជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀង មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ ឥឡូវលោកកំពុងតែចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕ ដោយ៖វ៉ៃកូ