ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងធ្លាក់ឥតឈប់ឈរ ពោលគឺសឹងតែ២៤ម៉ោង លើ២៤ម៉ោង ដែលជាហេតុធ្វើឲ្យនៅតាមបណ្តាខេត្ត និងក្រុងមួយចំនួន ត្រូវលិចលង់ធ្ងន់ធ្ងរ ដែលបង្ខំឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះ ត្រូវបានជម្លៀសចេញទៅកាន់ទីកន្លែងសុវត្ថិភាព ដោយមានការជួយសង្គ្រោះកម្លាំងអន្តរាគមន៍ ដើម្បីឲ្យបងប្អូនបានរួចផុតពីទុក្ខលំបាកដោយសារគ្រោះធម្មជាតិនេះ។
ជាមួយគ្នានេះផងដែរ ដើម្បីជាការលើកទឹកចិត្ត និងក៏ដូចជាបានមើលឃើញថាកម្លាំងយើង គឺពួកគាត់បានខិតខំមិនអស់ពីកម្លាំងកាយចិត្ត និងក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ផងនោះ បងប្រុសលោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា គឺលោក ឡេង ប្រុស បានឧបត្ថម្ភនូវថវិកាចំនួន ៥.០០០ ដុល្លារទៅដល់ពួកគាត់។
ក្នុងនោះ បើយោងតាមទំព័រហ្វេសប៊ុកលោក ហេង ឡុង បានបង្ហោះឲ្យដឹងថា៖ «សូមគោរពអរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ (បងប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា) ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភទឹកប្រាក់ ៥.០០០ដុល្លារ ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ និងថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង។
សូមជូនពរដល់ប្អូនឧកញ៉ា ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព»៕ ដោយ៖ លឹម ហុង