ភ្នំពេញ៖ ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងមួយដែលមនុស្សយើងគ្រប់ៗរូប មិនគួរណាមើលរំលងនោះទេ ព្រោះថា ទង្វើនៃការចែករំលែក និងទឹកចិត្តដ៏ល្អរបស់យើង គឺពុំត្រឹមតែបានបុណ្យកុសលប៉ុណ្ណោះទេ តែក៏ទទួលបានការតបស្នងដឹងគុណពីអ្នកដែលជួបទុក្ខលំបាក ដែលកុំបានដោយសារតែការចែករំលែកនូវទឹកចិត្តដ៏ប្រពៃរបស់យើង។
យ៉ាងណាមិញ នៅម៉ោងជាង ៩ យប់ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “ក្រុមការងារ ទ្រទ្រង់យុវជន ស្រុកបវេល” បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក ថ្លែងអំណរគុណពីសណ្តានចិត្តដ៏សែនប្រពៃរបស់ស្ត្រីម្ចាស់ផ្ទះម្នាក់ ដែលបានទទួលបងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ មកស្នាក់នៅផ្ទះរបស់គាត់បណ្តោះអាសន្ន ដែលឃើញហើយពិតជារំភើបត្រេកអរខ្លាំងណាស់។
ក្នុងនោះ ហ្វេសប៊ុកខាងលើក៏បានបញ្ចាក់បន្ថែមថា៖ «ផ្ទះរបស់ លោកស្រី ស៊ឹង កុសល់ ដែលស្ថិតនៅក្នុងភូមិសាមគ្គី ឃុំប វេល ស្រុកបវេល ខេត្តបាត់ដំបងបានទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ដែលពួកគាត់ជួបប្រទះការរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកពីភូមិកំពង់ឆ្នាំង១ មានចំនួន១៤គ្រួសារ។
បរិវេណផ្ទះរបស់លោកស្រី ស៊ឹង កុសល់ អាចទទួលការស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀតបាន តាមការគួរហើយលោកស្រី ចាំទទួលស្វាគមន៍ ដោយរីករាយបំផុត ព្រោះយើងជាខ្មែរដូចគ្នា ជួយគ្នា ក្នុងគ្រាមានទុក្ខលំបាក នេះជាកាយវិការ និងទឹកចិត្តដ៏ល្អប្រពៃរបស់ បងស្រី ស៊ឹង កុសល់»។
ជាមួយគ្នានោះផងដែរ ស្ត្រីម្ចាស់ផ្ទះចិត្តល្អខាងលើ ក៏បានបង្ហោះសារបង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅរបស់គាត់ថា៖ «ជាទឹកចឹត្តដ៏បរិសុទ្ធមិនមែនការសំដែងជួយគ្នាក្នុងគ្រាមានអាសន្ន»។
ក្រោយពីបានឃើញទឹកចិត្តដ៏ប្រពៃបែបនេះ បងប្អូនអ្នកលេងហ្វេសប៊ុកក៏បានចូល Comment ថា៖ «អបអរសាទរនៅសន្តានចិត្តដ៏ល្អរបស់លោកស្រីម្ចាស់ទាន សូមអោយលោកស្រីជួបតែសំណាងល្អនិងសុខភាពល្អរហូត, ល្អណាស់បងស្រីចូលរួមត្រេកអរផង, ទឹកចិត្តបងស្រីពិតជាកម្ររកបានណាស់,… និងនៅពាក្យលើកឡើងបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងជាច្រើនទៀត ចំពោះទឹកចិត្តដ៏ល្អរបស់អ្នកស្រី ស៊ឹង កុសល់»៕ ដោយ៖ លឹមហុង