ភ្នំពេញ៖ គ្រោះទឹកជំនន់ នៅពេលនេះ បានកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ជាពិសេសទៅលើខេត្តពោធិ៍សាត់ និងបាត់ដំបង ខណៈដែលប្រជាពលរដ្ឋរងគ្រោះយ៉ាងច្រើនគ្រួសារ ក៏ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាពផងដែរ។
ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ ពុំត្រឹមតែបំផ្លិចបំផ្លាញផលដំណាំប៉ុណ្ណោះទេ តែក៏បានបង្កឲ្យផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាច្រើនទៀតរបស់ប្រជាពលរដ្ឋរងការខូចខាតផងដែរ។ ជាក់ស្តែង ដូចជាផ្ទះថ្មទៀម១ខ្នងដែលទើបសង់រួចប៉ុន្មានខែប៉ុណ្ណោះ នៅក្នុងខេត្តបាត់ដំបង បានបាក់ស្រុតដ៏គួរឲ្យរន្ធត់ ដោយសារតែកម្លាំងទឹកហូរកាត់ដ៏ខ្លាំងក្លា បានបណ្តាលបាក់ដី ដែលត្រឹមរយៈពេលតែ១យប់ប៉ុណ្ណោះ។
បើយោងតាមមីងរបស់ម្ចាស់ផ្ទះរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ យ៉ុងប៊ិន បានប្រាប់ឲ្យដឹងថា ផ្ទះក្មួយរបស់គាត់ទើបសង់រួចបានរយៈពេល៤ខែ ស្ថិតនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឥឡូវនេះ ខ្ទេចខ្ទីរអស់ហើយ ដោយសារឥទ្ធិពលគ្រោះទឹកជំនន់ត្រឹមរយៈពេលមួយយប់សោះ ដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០៕ ដោយ៖ លឹម ហុង