តាកែវ៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០នេះ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តតាកែវ រួមសហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាល បានចុះពិនិត្យលើគ្រឿងឧបភោគបរិភោគមួយចំនួន នៅក្នុងផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងការចុះពិនិត្យនោះដែរ មន្ត្រីជំនាញក.ប.ប បានធ្វើតេស្តបឋមលើទំនិញ ពពុះសណ្តែក រកឃើញថាមានផ្ទុកនៅសាធាតុគីមីបូរ៉ាក់ដាក់ចូល ដែលធ្វើឲ្យអ្នកទិញយកទៅបរិភោគអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ ខណៈដែលមុខទំនិញប្រភេទពពុះសណ្តែកប្រភេទនេះកំពុងមានតម្រូវការខ្ពស់ យកទៅធ្វើម្ហូបអាហារ ជាពិសេសគឺដាក់ក្នុងស៊ុប។
ជុំវិញការរកឃើញប្រភេទទំនិញពពុះសណ្តែក នេះដែរលោក លី សេរីសម្បត្តិ ប្រធានសាខា ក.ប.ប ខេត្តតាកែវ បានអោយដឹងថា ពពុះសណ្តែកនេះ គឺមន្ត្រីជំនាញយើងបានធ្វើតេសរកឃើញថា មានផ្ទុកនៅសាធាតុគីមីបូរ៉ាក់ ដែលជាហេតុធ្វើឲ្យប៉ះពាល់សុខភាពរបស់អ្នកបរិភោគធ្ងន់ធ្ងរ ដូច្នេះមន្ត្រីជំនាញសម្រេចដកហូតពពុះសណ្តែក ដែលដាក់តាំងលក់នៅតូបលក់ចាប់ហ៊ួយក្នុងផ្សារអង្គតាសោម ក្នុងនោះដកហូតបានទំនិញពពុះសណ្តែក ជិត ១០គីឡូក្រាម ដើម្បីយកមកកំទេចចោល ។
ក្នុងនោះដែរលោកប្រធានសាខា ក.ប.ប ខេត្តបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជិវករលក់ដូរក្នុងផ្សារទាំងអស់ មេត្តាលក់ដូរនៅទំនិញ បន្លែ ផ្លែឈើណាដែលមានគុណភាព មិនហួសកាលបរិច្ឆេទ និងមិនមានផ្ទុកសារធាតុគីមី ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបរិភោគទាំងអស់គ្នា ៕ដោយ៖ តាកែវ