ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូនដែល រស់នៅក្នុង ស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង ) និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់មេត្តាជ្រាបថា នៅវេលាម៉ោង១៦ រសៀលនេះទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ បានបាក់ហើយ។
ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដាឃុំពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប្របនឹងមាត់ស្ទឹងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។
ក្នុងន័យនេះដែរ សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់នៅក្នុងការរក្សាកម្លាំងដើម្បីទុកចុះជួយបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ត្រូវការសង្គ្រោះ ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន នគរបាលខេត្ត អធិការដ្ឋានស្រុកភ្នំស្រួច ចុះអន្ដរាគមន៍បន្ទាន់ តាមការអំពាវនាវរបស់ ឯកឧត្តម វុី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្ដ ទៅកាន់ទីតាំងងាយរងគ្រោះដោយទឹកជំនន់ ដែលបណ្ដាលមកពីការបាក់ទំនប់ស្ដុកទឹកចំការតែ លេីខ្នងភ្នំគីរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច កាលពីរសៀលម៉ោង១៦.១០នាទី ថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២០នេះ ដេីម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ” ដាច់ខាតមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយការមិនបានជួយនោះទេ៕ ដោយ៖បញ្ញាស័ក្តិ