ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏តក់ស្លុតមួយ បានធ្វើឲ្យមហាជនសម្តែងនូវក្តីអាណិតស្រណោះជាខ្លាំង បន្ទាប់ពីបានដឹងថា ស្ត្រីម្នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ជិះម៉ូតូធ្លាក់លូ ព្រោះតែពុំអាចមើលឃើញដោយសារទឹកលិចផ្លូវ ខណៈមេឃកំពុងភ្លៀងខ្លាំង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាវេលាម៉ោងប្រមាណជាង ៦ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្ត្រីម្នាក់ជិះម៉ូតូស្កុបពីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HE-6476 ក្នុងទិសដៅពីជើងមកត្បូង តាមបណ្តោយផ្លូវ ៥៣ bt លុះមកដល់ចំណុចកើតហេតុ ក៏បានជិះធ្លាក់លូផ្កាប់មុខចូលទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម ទាំងកណ្តាលមេឃកំពុងតែធ្លាក់ភ្លៀង។
ស្ត្រីរងគ្រោះមានឈ្មោះ ជា រដ្ឋា អាយុ ៣៣ ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង និងបច្ចុប្បន្ន រស់នៅក្នុងតំបន់កើតហេតុខាងលើ។ ហើយអ្វីដែលគួរឲ្យអាសូរជាខ្លាំងនោះ បើយោងតាមមិត្តភក្តិដែលបានស្គាល់ បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះទើបតែសម្រាលកូនស្រីដំបូងបានរយៈពេល ៧ ខែ ប៉ុណ្ណោះ។
ជាមួយការស្លាប់ដែលមិនអាចទទួលយកបានរបស់ស្ត្រីខាងលើ ក្នុងនោះប្អូនប្រុសរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ ហ៊ា ពិសិដ្ឋ បានបង្ហោះសារដ៏សែនឈឺចាប់ថា៖ «ខ្ញុំលែងបានឃើញបងខ្ញុំទៀតហើយ បងស្រីខ្ញុំគាត់ស្លូធ្វើបុណ្យច្រើន ណាស់ម៉េចបានរឿងអាក្រក់នេះធ្លាក់មកលើបងខ្ញុំទៅវិញ កំហុកនេះមកពីអ្នកណា ហេតុអីបានជាធ្វើលូមានទឹកលិចមិនដាក់សញ្ញាអោយប្រជាជនដឹងអញ្ចឹង មិនគួររឿងនឹងធ្លាក់មកលើបងខ្ញុំទេ ប្អូនសូមជូនពរបងអោយជាតិក្រោយមានសំណាងជាងជាតិនឹងកុំអោយជួបរឿងនឹងទៀតបើមានជាតិក្រោយមែន ខ្ញុំសូមធ្វើបងប្អូននឹងបងទៀតណាបង ថ្ងៃ 13/10/2020 ខ្ញុំស្អប់ឆ្នាំ2020 នឹងណាស់មានរឿងអាក្រក់គ្រប់រឿង»។
តាមរយៈហេតុការណ៍ខាងលើនេះផងដែរ យើងក៏សំណូមពរដល់គ្រប់អាជ្ញាធរដែនដី និងក៏ដូចប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់សូមមេត្តាយកចិត្តទុកដាក់ ជួយដាក់ជាសញ្ញា ឬ តម្រុយឲ្យបងប្អូនអ្នកធ្វើដំណើរបានដឹងជាមុនផង កុំឲ្យកើតមានគ្រោះថ្នាក់ដ៏សង្វេកដូចករណីខាងលើនេះទៀត៕ ដោយ៖ លឹម ហុង