Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ផ្ដាច់​ព្រលឹង​ដឹកឈើ​ចេញពី​ក្រុង​ស្ទឹងត្រែង រាល់​យប់ សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

​ស្ទឹងត្រែង​៖​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដឹកឈើ​បន្ត​គ្នា​ចេញពី​សិប្បកម្ម ក្នុង​ក្រុង​ស្ទឹងត្រែង​រាល់​យប់ ដោយ​ឆ្លងកាត់​ចំណុច​អូរ​ពងមាន់​តាមផ្លូវ​ជាតិ​លេខ 7 ឆ្ពោះទៅកាន់​ខេត្តក្រចេះ​។ សកម្មភាព​នោះ​ទំនងជា​ឈ្មួញ​ស៊ុំគ្រលុំ​គ្នា​ជាមួយ​សមត្ថកិច្ច នៅតាម​ដងផ្លូវ​លាក់បាំង​មិន​ឲ្យ​អភិបាលខេត្ត​ស្ទឹងត្រែង​ដឹង​។​
តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រាល់​ទៀបភ្លឺ​គេ​តែងតែ​ឃើញ​រថយន្ត​ក្រុម​ផ្ដាច់​ព្រលឹង បើក​លឿន​ដូច​ព្យុះ​ដឹកឈើ​ចេញពី​ក្រុង​ស្ទឹងត្រែង​ឆ្លងកាត់​អូរ​ពងមាន់​ទៅ​ខេត្តក្រចេះ​បន្ត​គ្នា​។ ពេល​រថយន្ត​ក្រុម​នោះ​ចេញដំណើរ​ម្ដងៗ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឃាត់​ត្រួតពិនិត្យ​ឡើយ ទោះបីជា​ដាក់​បង្កប់​ឈើ​ប្រណីត​ខុសច្បាប់​យ៉ាងណាក៏ដោយ​។​

​អ្នករកស៊ី​ឈើ​តូចតាច​ត្អូញត្អែ​ថា បើសិនជា​ហ៊ាន​ប្រកបមុខរបរ​ដឹកឈើ​កែច្នៃ​ទ្វា​បង្អួច​បន្តិចបន្តួច តាមផ្លូវ​ជាតិ​លេខ 7 មិនបាន​ប្រាប់​សមត្ថកិច្ច​តាម​ដងផ្លូវ​ទេ ប្រាកដជា​ឃាត់​រថយន្ត​ដាក់​ខ្នោះ ទាំង​មនុស្ស យកទៅ​កន្លែង​របស់​សមត្ថកិច្ច​ដោយ​ដាក់បន្ទុក​ថា ដឹកជញ្ជូន​ឈើ​គ្មាន​ការអនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។ តែ​បើសិនជា​ត្រូវរ៉ូវ​គ្នា​ហើយ​គេ​មិន​ហ៊ាន​ទៅ​ក្បែរ​រថយន្ត​ដឹកឈើ​ឡើយ​។​
ប្រភព​មួយ​ទម្លាយ​ឱ្យដឹងថា សព្វថ្ងៃនេះ​មាន​ឈ្មួញ​ជាច្រើន​នាក់ ក្នុងនោះ​ឈ្មួញ​ចាស់វស្សា​ម្នាក់​ឈ្មោះ​ចែ​ភ័​ណ្ឌ​។ នៅពេល​រៀងរាល់​ព្រលប់​គេ​តែង​ឃើញ​រថយន្ត​សាំ​យ៉ុង 3 ទៅ 4 គ្រឿង​ដើរ​ប្រមូល​ឈើ​គ្រឿង​សង្ហា​រឹម ពី​រោង​សិប្បកម្ម​ក្នុង​ខេត្តស្ទឹងត្រែង រួចហើយ​ហើយ​ទៅ​ឈប់​ថត​នៅផ្ទះ​ឈ្មោះ​ចែ​ភ័​ណ្ឌ នៅ​ផ្លូវ​ខាងក្រោយ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ស្ថិតក្នុង​ភូមិ​ព្រែក​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​
តាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រុម​រថយន្ត​របស់​ឈ្មោះ​ចែ​ភ័​ណ្ឌ បើក​លឿន​ណាស់​ត្រូវបាន​គេ​ដាក់ឈ្មោះថា គឺជា​ក្រុម​ដាច់​ព្រលឹង​ដែល​ដឹកឈើ​ចេញពី​ក្រុង​ស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ​បន្តកន្ទុយ​គ្នា ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ នៅ​ខេត្តក្រចេះ​មាន​នគរបាល​ម្នាក់ នៅ​ពីក្រោយ​ខ្នង​រត់ការ​រថ​យន្ត​ដឹកឈើ​ឈ្មោះ​ចែ​ភ័​ណ្ឌ​នោះ​។​
ពេល​ក្រុម​ផ្ដាច់​ព្រលឹង​ចេញដំណើរ​ម្ដងៗ សូម្បីតែ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តស្ទឹងត្រែង ឈរជើង​លើ​កំណាត់​ផ្លូវជាតិ​លេខ 7 ព្រំប្រទល់​ស្ទឹងត្រែង​ក្រចេះ​ក៏​ពុំ​ហ៊ាន​ប៉ះពាល់​ដែរ​។​
ឈើ​កែច្នៃ​ដែល​ក្រុម​ផ្ដាច់​ព្រលឹង​ដឹកជញ្ជូន គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ឡើយ​។ រីឯ​ប្រភព​ឈើ​ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​ម៉ូតូ​រ៉ឺម៉ក និង​រថយន្ដ​ជា​រៀងរាល់​យប់ ចូលទៅ​កែច្នៃ​នៅក្នុង​សិប្បកម្ម​ក្នុង​ក្រុង​ស្ទឹងត្រែង រាប់សិប​កន្លែង​ជាមុនសិន​។ រួចហើយ​ទើប​គេ​ដឹកជញ្ជូន​ចេញទៅ​ក្រៅ​ខេត្ត និង​មាន​បង្កប់​ឈើ​ខុសច្បាប់​ជាច្រើន​នៅ​ពីក្រោម​។​
កន្លងមក​ក្រុម​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចុះ​ពិនិត្យ​តាម​សិប្បកម្ម​ច្រើន​កន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង​ឃើញថា សិប្បកម្ម​ទាំងអស់​ភាគច្រើន មានការ​អនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង អាជ្ញាធរ​ពាក់ព័ន្ធ​។ ប៉ុន្តែ​ការដឹក​ប្រមូល​ឈើ​យកទៅ​កែច្នៃ​អាណាធិបតេយ្យ គ្មាន​ប្រភព​ច្បាស់លាស់​ឡើយ ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ប្រាក់ចំណូល​ក៏​មិនតិច​ដែរ​។​
ក្រោយពី​មាន​ការចុះពិនិត្យ​របស់​គណៈកម្មការ​មិនបាន​ប៉ុន្មាន​ផង សិប្បកម្ម​ស្ទើរ​ទាំង​ក្រុង​ស្ទឹងត្រែង​ត្រូវបាន​ដំណើរការ​បន្លឺសំឡេង លាន់​កងរំពង​គ្រប់កន្លែង​។ សូម​ថ្នាក់ជាតិ​ចុះ​ពិនិត្យមើល​ផង​៕​ដោយ​៖​សុខុម

×