ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលនៅព្រឹកថ្ងៃទី១៤ខែតុលានេះ បានបែងចែកក្រុមការងារជា៣ក្រុម ចុះចែកអំណោយជូនប្រជាពលរដ្ឋនៅតាមផ្ទះនីមួយៗ នៅក្នុងសង្កាត់ចំនួន ៤ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្រោយពីបានទទួលរងការលិចលង់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ធ្លាយទំនប់សណ្តរស្ទឹង កាលពីយប់ម៉ិញនេះ។
អភិបាលរាជធានីភ្នំពេញ បានបែងចែកក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញជា៣ក្រុម សហការជាមួយអាជ្ញាធរខណ្ឌ និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ដោយបានជិះទូកនិងអូប័រតាមខ្នងផ្ទះនីមួយៗ ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ ដោយផ្ទាល់ ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋជាបន្ទាន់នេះ មានសង្កាត់ចំនួន៤ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្មសង្កាត់ទៀន និងសង្កាត់គងនយ ។
គួរបញ្ជាក់ថា ទំនប់សណ្តរស្ទឹងព្រែកត្នោត បានធ្លាយកាលពីព្រលប់ថ្ងៃទី១៣ខែតុលា បណ្ដាលឱ្យសង្កាត់មួយចំនួននៅក្នុងនៅក្នុងខណ្ឌដង្កោ ទទួលរងការលិចលង់ បើទោះបីអាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង និងកងកម្លាំង កងអង្គរក្សប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ស្កាត់តាំងពីពេលរសៀលថ្ងៃទី១៣ តុលា រហូតដល់ពេលយប់ថ្ងៃដដែលក៏ដោយចុះ ហើយមកដល់ពេលនេះផ្លូវចាក់កៅស៊ូលេខ ២១A (ផ្លូវចេញពីរង្វង់មូលគួរស្រូវមកសង្កាត់រលួសនិងសង្កាត់ទៀន ក៏ទឹកកំពុងតែហូរពីលើថ្នល់ផងដែរ នាម៉ោង១០និង៣០ព្រឹកថ្ងៃទី១៤តុលានេះ ហើយក្រុមការងារ ទាំងអាជ្ញាធររាជធានីនិងកងអង្គរក្សក៏បាននិងកំពុងប្រើគ្រឿងចក្រដើម្បីទប់ផងដែរ ។ តែមិនដឹងថា ផ្លូវមួយខ្សែនេះអាចធានាបានឬយ៉ាងណានោះទេ ។
មកដល់រសៀលថ្ងៃទីដដែលនេះ លោកស ថេត ស្នងការរាជធានីភ្នំពេញនិងលោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ក៏បាននិងកំពុងចុះផ្ទាល់ដើម្បីបញ្ជាកម្លាំងចុះជួយជម្លៀសប្រជាពលរដ្ឋផងដែរ ។
ក្នុងការចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់នៅក្នុងរាជធានី៕ដោយ៖បញ្ញាស័ក្តិ