ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ។
បន្ទាប់ពីបានធ្វើការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ឃើញថា នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ សម្ពាធទាបសកម្មមួយ (Active Low) កំពុងស្ថិត នៅលើភាគកណ្តាលប្រទេសហ្វីលីពីន ។ តាមការព្យាករ សម្ពាធទាបសកម្មនេះ នឹងរំកិលចូលមក ក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ១៧ ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុង ប្រទេសកម្ពុជា ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាន និងកំពុងបន្តអូសបន្លាយពីលើកម្ពុជា ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេស វៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ ពីបង្គួរ ទៅច្រើន ។
៣- តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជា នេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណ៍អាកាសធាតុមាន ការប្រែប្រួល ។ ថ្ងៃ ព្រហស្បត់ {កជា
សូមបញ្ជាក់ថា នៅល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញក្នុងតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹក ដើម្បីសម្រួលលំហូរបរិមាណជំនន់ទឹកភ្លៀង នៅភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀមលក្ខណ:កែលម្អបន្ថែមជាមុននឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅរាជធានី-ខេត្តទាំង៣ខាងលើ នាពេលដ៏ខ្លីខាងមុខ ។
ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺកម្ពស់ទ្វារទឹកទំនប់អាង៧មករា មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៤ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ ។ កម្ពស់ទឹកនេះធៀបនឹងព្រឹកមិញ បានកើនកម្ពស់ទឹក ០,២០ម៉ែត្រ បន្ថែម ដោយសារមានការបើកទ្វារទឹកនៅសំណង់ទ្វារទឹកលាំងជ្រៃ នៃខេត្តកំពង់ស្ពឺ។
សកម្មភាពក្រុមការងារក្រសួងកំពុងអន្តរាគមន៍ រួមមាន ៖
ពិនិត្យ និងតាមដានស្ថានភាពលំហូរទឹកតាមច្រកទ្វារទឹកអាង៧មករា ច្រកទ្វារទឹកទឹកថ្លា ទំនាបផ្លូវជាតិលេខ៣ និងតាមបណ្តោយសណ្តរទំនប់ស្ទឹងព្រែកត្នោត។ បិតភ្ជិតរូងនាគ និងលើកបាវខ្សាច់លើកកម្ពស់ទំនប់នៅសណ្តរផ្នែកខាងជើង ក្នុងសង្កាត់ព្រៃស សាក់សំពៅ ប្រទះឡាង និងទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដាក់កម្លាំងក្រុមការងារអន្តរាគមន៍ក្រសួងនៅចំនួន ៤ទីតាំង តាមសណ្តរទំនប់។ លៃតម្រូវកម្ពស់ទ្វារទឹកសំណង់ទ្វារអាងទឹក៧មករា និងសំណង់ទ្វារទឹករលាំងជ្រៃ ដើម្បីសម្រួលបរិមាណលំហូរជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ឲ្យមានតុល្យភាព បន្ថយល្បឿនទឹកហូរបុកខ្លាំង ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម មេត្តាបន្តការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ៕ ដោយ៖បញ្ញាស័ក្តិ