ភ្នំពេញ៖ នេះជាខណៈពេលដ៏ស្លុតរន្ធត់ និងគួរឲ្យខ្លាចខ្លាំងណាស់ ក្រោយពីគណនីហ្វេសប៊ុកឈ្មោះ Sorn Sopheak-ស៊ន សុភក្ត្រ បានបង្ហោះវីដេអូបង្ហាញពីហេតុការណ៍ប្រទះឃើញរថយន្ត១គ្រឿង កំពុងរសាត់អណ្តាតនៅដីវាលទឹកលិចដ៏ល្ហល្ហាចមួយកន្លែង ហើយអ្វីដែលគួរឲ្យរន្ធត់ខ្លាំងនោះ គឺបានឃើញម្ចាស់រថយន្ត បានខំប្រឹងស្រវេស្រវាហែលពីមុខរថយន្តរបស់ខ្លួន ឆ្ពោះទៅរកឲ្យគេជួយ។
ក្នុងនោះ គណនីហ្វេសប៊ុកខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកនេះ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ខណៈក្រុមអាជ្ញាធរកំពុងបន្តចុះជួយសង្គ្រោះ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដែលរងផលប៉ះពាល់ទឹកលិចផ្ទះសម្បែងនៅខណ្ឌដង្កោ ក៏ប្រទះឃើញឡាន១គ្រឿងអណ្តែត តាមទឹកហូរ ខណៈពេលម្ចាស់សម្រេចចិត្តចេញពីរថយន្តហើយហែលទៅអោយគេជួយ»។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មកទល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជន់លិចដល់សង្កាត់ជាច្រើនបន្ថែមទៀត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈកងកម្លាំងសង្គ្រោះបន្ទាន់ និងជំនាញផ្សេងៗជាច្រើនទៀត នៅតែបន្តជម្លៀសប្រជាពលរដ្ឋមកកាន់ទីសុវត្ថិភាពផងដែរ៕ ដោយ៖ លឹមហុង