Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​ព្រះសង្ឃ រៀបចំ​បាវ​ដី​លើក​ជា​ទំនប់​សម្រាប់​ទប់ទឹក​ជំនន់

​ខេត្តស្វាយរៀង​៖​អនុវត្ត​នូវ​វិធានការ​បង្ការ​ជាមុន ក្នុង​គោលដៅ​កាត់បន្ថយ​នូវ​ប៉ះពាល់ ដែល​បង្កដោយ​ជំនន់​ទឹកភ្លៀង នា​ព្រឹក​ថ្ងៃ ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រួម​នឹង​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​-​សង្កាត់ ក្នុង​ក្រុង​ស្វាយរៀង និង​មានការ​ចូលរួម​ពី​ព្រះសង្ឃ​ផងដែរ ធ្វើការ​រៀបចំ​បាវ​ដី​លើក​ជា​ទំនប់​សម្រាប់​ទប់ទឹក ចាប់ពី​ចំណុច​ទ្វារ​ទឹក​តា​ហោ​ទៅ​ខាងលិច ដល់​គល់ស្ពាន​ពោធិ៍​តា​ហោ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម វិ​សម្ពាធ និង​សម្ពាធ​ទាប​ដែល​បណ្ដាលមកពី​ព្យុះ​ទី​១៧ ឈ្មោះ សូ​ឌែ​ល នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្តទៀត​នាពេលខាងមុខ ដែល​ការណ៍​នេះ​នឹង​នាំ​ឲ្យ​កម្ពស់​ទឹក​កាន់តែ​មានការ​កើនឡើង អាច​បង្ក​ទៅជា​ជំនន់​ទឹកភ្លៀង ដូច្នេះហើយ​ទើប​នៅថ្ងៃនេះ រដ្ឋបាលខេត្ត បាន​ចាត់វិធានការ​បន្ថែមទៀត រៀបចំ​បាវ​ដី​លើក​ជា​ទំនប់​សម្រាប់​ទប់ទឹក​នៅ​ទីតាំង​នេះ បន្ទាប់ពី​បាន​លើក​ជា​ទំនប់​ទប់ទឹក​រួចហើយ​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង ដើម្បី​បញ្ចៀស​ការ​ជន់​លិច និង​បង្ការ​ករណី​ទឹក​ហៀរហូរ​កាត់​ផ្លូវ ដែល​បណ្ដាលមកពី​ជំនន់​ទឹកភ្លៀង ។

​ក្រៅពី​វិធានការ​នេះ លោក​អភិបាលខេត្ត ក៏បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​បាវ​ខ្សាច់ យកទៅ​ទប់​នៅ​មាត់​រ៉ឺ​ហ្គែ​រ​លូ ដើម្បី​ទប់ទឹក​ហៀរ​ពី​ខាងក្រៅ​ហូរ​ចូលមកក្នុង​ក្រុង​វិញ និង​ត្រៀម​ម៉ាស៊ីនបូមទឹក​ចំនួន ២​គ្រឿង ដាក់​នៅតាម​ទីតាំង​សំខាន់ៗ ដើម្បី​បូមទឹក​ចេញពី​ក្នុង​ក្រុង ក្នុងករណី​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទឹក​ហូរ​ចេញ​យឺត និង​មានការ​ជន់​លិច​កើតឡើង ។​

​លោក​អភិបាលខេត្ត ក៏​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចូលរួម​បង្ការ និង​កាត់បន្ថយ​ផលប៉ះពាល់​នានា ដែល​បណ្ដាលមកពី​គ្រោះធម្មជាតិ​នេះ ឲ្យ​បានជា​អតិបរមា ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ដល់​ការថែទាំ​កុមារ​តូចៗ កុំឱ្យ​លេង​ទឹក ប្រកាន់ខ្ជាប់​នូវ​ការ​អនាម័យ ដើម្បី​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ក្នុងករណី​មានការ​ប្រឈម​ណាមួយ​កើតឡើង ក្នុងអំឡុង​ពេលនេះ សូម​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ឲ្យ​បាន​ឆាប់ ហើយ​រដ្ឋបាលខេត្ត កងកម្លាំង និង​អាជ្ញាធរ​មូលដ្ឋាន ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង និង​គ្រប់ពេលវេលា ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ ឧបត្ថម្ភ និង​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ៕ ដោយ​៖​វ៉ៃ​កូ​


×