បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ដោយសារទឹកជំនន់ដែលហូរធ្លាក់ពីថៃ បានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅវេលា៧និង០០យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ។
លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ហូរមកពីប្រទេសថៃ នៅមកកាន់ទីទួលសុវត្ថិភាព ហើយឃុំចំនួន២ គឺឃុំគំរូ និងឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច ហើយនៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព។
ភិបាលខេត្តបន្ទាយមានជ័យ ចុះដល់ស្រុកថ្មពួកទាំងយប់ ដើម្បីត្រួតពិនិត្យជំនន់ទឹកភ្លៀង ។ គិតត្រឹមម៉ោង ១១និង០០ នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងបន្ថែម ចុះមកដល់ស្រុកថ្មពួក ដើម្បីត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែង អំពីជំនន់ទឹកភ្លៀង ដែលហូរចាក់ពីប្រទេសថៃ នឹងកំពុងឡើងយ៉ាងលឿន នៅក្នុងស្រុកថ្មពួក ពេលនេះកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍បញ្ជាការដ្ឋានទ័ពពិសេស៩១១ កំពុងចុះជួយ រើជញ្ជូនអីវ៉ាន់ប្រជាពលរដ្ឋ និងជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ព្រមទាំងជួយដឹកសម្ភារផ្សេងៗ ចេញពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារ បន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។ នេះជាលើកទី២ហើយ ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដែលកាលពី លើកទីមួយ សម្តេចបានឧបត្ថម្ភ១០ម៉ឺនដុល្លាររួចមកហើយសម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ ។
សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភគ្រួសារសពដែលស្លាប់ ដោយជំនន់ទឹកភ្លៀង២០នាក់ ដោយក្នុងមួយគ្រួសារៗចំនួន១០លានរៀល គ្រប់ខេត្តដែលទទួលរងគ្រោះទឹកជំនន់ និងមានប្រជាពលរដ្ឋស្លាប់។
ជាមួយគ្នានេះ ឯកឧត្តមអ៊ុំ រាត្រី សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណី អាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប៕ដោយ៖បញ្ញាស័ក្តិ