បាត់ដំបង៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថាបញ្ហាជំនន់ទឹកភ្លៀង កំពុងកើតឡើងក្នុងខេត្តបាត់ដំបងនាពេលនេះ បានធ្វើឲ្យផ្លូវជាច្រើនខ្សែ ក្នុងក្រុងនិងនៅតាមទីជនបទ រងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងទាមទារឲ្យមានការជួសជុសឲ្យបានឆាប់រហ័ស ដើម្បីឲ្យពលរដ្ឋធ្វើដំណើរបានស្រួលឡើងវិញ។
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថាទឹកជំនន់នៅចុងរដូវវស្សានេះ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រងការប៉ះពាល់និងរងការខូចខាត ដែលមានផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ផ្លូវដីនិងបញ្ហាអនាម័យជាដើម។បន្ទាប់ពីមានបញ្ហាទឹកជំនន់នេះ ក្រុមការងាររបស់ក្រសួងបានចុះមកពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់ នៅតាមបណ្ដាខេត្តមួយចំនួនក្នុងនោះក៏មានខេត្តបាត់ដំបងផងដែរ ដើម្បីធ្វើរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ដើម្បីធ្វើការរាយការណ៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការចុះមកពិនិត្យនិងវាយតម្លៃផលប៉ះពាល់នេះ ក្រុមការងារនៅមិនទាន់កំណត់ថា ការខូចខាតកម្រិត១ កម្រិត២ឬកម្រិត៣នៅឡើយទេ ព្រោះទឹកនៅលិចផ្លូវនៅឡើយ តែយ៉ាងណាក្រសួងនិងជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ខិតខំធ្វើទិន្នន័យ របាយការណ៍ឲ្យបានឆាប់រហ័សនិងច្បាស់លាស់ ដើម្បីធ្វើសំណើក្នុងការស្នើសុំធ្វើការជួសជុលកែលម្អឡើងវិញ។
បើគិតត្រឹមថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ បញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នៅមិនទាន់មានការស្រាកស្រាននៅឡើយទេ ខណៈតាមស្រុកមួយចំនួនទឹកស្រក ប៉ុន្តែស្រុកមួយចំនួនទៀត នៅតែបន្តជនលិចលង់ផ្ទះសម្បែ ដំណាំកសិផល ហេដ្ឋារចនាសម្ព័ន្ធ ការជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពនៅតែបន្ត ហើយអាកាសធាតុមានសភាពអាប់អ៊ួរ។មួយទៀត តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ទឹកភ្លៀងអាចនឹងមានធ្លាក់ច្រើនជាបន្ត ក្នុងនោះក៏មានខេត្តបាត់ដំបងផងដែរ ហើយអាជ្ញាធរខេត្តក៏បានអំពាវនាវដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នបន្ថែមទៀត៕ដោយ៖អ៊ុងសារុំ