បន្ទាយមានជ័យ៖យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា បុរសវ័យជាង៥០ឆ្នាំម្នាក់ រស់នៅគល់ស្ពានលេខ១ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបាត់ខ្លួនដោយសារទឹកជំនន់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា លោក ណាត លន អាយុជាង៥០ឆ្នាំត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហើយ តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ លោកក៏បាននាំកូនប្រុស២នាក់ទៅមើលផ្ទះ និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពាន រួមនឹងទឹកកំពុងហក់ឡើងផងនោះ ក៏ធ្វើឲ្យបាក់ដីជាប់ផ្ទះ ធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹក។ ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដើមឈើ ត្រូវបានគេសង្គ្រោះទាន់ពេលវេលា តែជាអកុសលបុរសជាឪពុកបានបាត់ខ្លួនរកពុំទាន់ឃើញនោះឡើយ។
ដោយឡែក តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Narla Phay ដែលត្រូវជាក្មួយជនរងគ្រោះ បានប្រាប់បន្ថែមឲ្យដឹងថា៖ «សង្ឃឹមថា ព្រះនិងជួយថែរក្សាមា ជនរងគ្រោះ (ដែលបាត់ខ្លួន) គាត់ជាមារបស់ខ្ញុំ គ្រួសារគាត់បានជម្លៀសមកស្នាក់នៅផ្ទះរបស់ម្តាយខ្ញុំនៅក្នុងភូមិកសិណ កាលពីយប់ ព្រឹកឡើងគាត់ស្តាយទូកគាត់ចង់ទៅចងទុក គ្រប់គ្នាក្នុងគ្រួសារជំនះមិនឲ្យគាត់ទៅ តែគាត់នៅតែចង់ទៅ ព្រោះស្តាយទ្រព្យសម្បត្តិដ៏តិចតួចដែលគាត់មាន។ ជីវភាពគ្រួសាររបស់គាត់គឺមហាលំបាក ព្រោះមានកូនច្រើនក្នុងបន្ទុក។
តាមការអោយដឹងពីកូនដែលសង្គ្រោះបាន គឺកូនបានទឹកគួច គាត់បានចុះទៅជួយ តែគាត់ត្រូវទឹកគួចវិញបន្ទាប់ពីបានប្រាប់ និងរុញ អោយកូនតោងដើមឈើ សូមអរគុណដល់បងៗសារព័ត៌មាន និងសមត្ថកិច្ចទាំងអស់ដែលបានដុតដៃដុតជើងស្វែងរកគាត់ សង្ឃឹមថាមិនមានរឿងអីអាក្រក់កើតឡើងលើរូបគាត់ កន្លែងកើតហេតុ គល់ស្ពានកែងផ្លូវបឹងត្រកួន-បន្ទាយឆ្មារ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ»៕ ដោយ៖ លឹម ហុង