តាកែវ៖ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅ ស្រុកសំរោង កាលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជារបស់យើង កំពុងតែជួបបញ្ហាគ្រោះទឹកជំនន់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំនន់នេះ ប្រាកដជាមានការខ្វះខាតស្បៀងអាហារ និងថ្នាំសង្កូវ ក៏ដូចជាទឹកស្អាតប្រើប្រាស់ ហើយដោយឡែកនៅខេត្តតាកែវ ក៏រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះដែរ ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ រៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីជំនន់ភ្លៀងឡើងកាន់តែធ្ងន់ធ្ងរនោះ ។
មានប្រសាសន៍ក្នុងឱកាសចុះយកអំណោយរបស់រដ្ឋបាលខេត្តតាកែវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ក្នុងនោះឯកឧត្តមអភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ ដោយធ្វើការណែនាំ និងក្រើនរំលឹក ទៅដល់អាជ្ញាធរមូលដ្ឋាន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ កាន់តែខ្លាំងថែមទៀត ពិសេសគឺត្រូវត្រៀមលក្ខណៈជានិច្ចសម្រាប់ជួយសង្គ្រាះបង ប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង ហើយកំពុងតែជួបការខ្វះខាត ។ ហើយអាជ្ញាធរមូលដ្ឋានរបស់យើង ត្រូវបន្តការខិតខំប្រឹងប្រែង និងតាមដានមើលគ្រប់ទីកន្លែងទៀត ដែលមានការខ្វះខាត នឹងកំពុងតែរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បីយើងបានជួយដល់ពលរដ្ឋ បានទាន់ពេលវេលាក្នុងអំឡុងពេលជួប នឹងគ្រោះជំនន់ទឹកភ្លៀង ដោយមិនត្រូវទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារ ឬទុកឲ្យស្លាប់នោះឡើយ ។
ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀង សូមបង្កើនការប្រយ័ត្ន ពិសេសកុំធ្វេសប្រហែសឲ្យសោះចំពោះកូនតូចៗ និងសត្វអាសិរ្ពិស ហើយក៏ត្រូវតែបន្តរស់នៅស្អាត មានអនាម័យ ហូបស្អាត ផឹកទឹកដែលដាំពុះជានិច្ច ក្រែងមានជំងឺអាសន្នរោគកើតមានឡើង ៕ដោយ៖ តាកែវ