បន្ទាយមានជ័យ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្ដេចបានបញ្ជាក់ថា ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០។
ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្គ្រោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។
សូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្គ្រោះប្រជាជននៅតំបន់រងគ្រោះដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕ ដោយ៖បញ្ញាស័ក្តិ