ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ សម្តេចបានឱ្យស្វែងរកអ្នកសរសេរលិខិតថ្លែងអរគុណដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លិខិតអរគុណកងទ័ពរបស់ពលរដ្ឋម្នាក់ ដែលត្រូវបានដឹងថាជាអ្នករស់នៅក្នុងឃុំគោកកឋិន ខេត្តបន្ទាយមានជ័យ ដែលបានដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក មានខ្លឹមសារយ៉ាងជ្រាលជ្រៅថា៖ «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។
នេះគឺជាការផ្តល់កម្លាំងចិត្តដ៏រំភើបខ្លាំងមួយ ដែលរហូតធ្វើឲ្យបងៗកងកម្លាំងពោលពាក្យសរសើរតាមរយៈទំព័រហ្វេសប៊ុក កងពលតូចថ្មើរជើងលេខ៥១ យ៉ាងដូច្នេះថា៖ «លិខិតក្នុងកញ្ចប់បាយក្លាយជាឱសថទិព្វសម្រាប់កម្លាំងសង្គ្រោះ។ ម្ចាស់លិខិតនឹងអនុញ្ញាតឲ្យជួបសម្តេចតេជោនៅថ្ងៃស្អែក»។
សូមបញ្ជាក់ថា លិខិតខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណៈពេលដែលកងទ័ពបានចូលរួមប្រតិប្តតិការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ នៅឃុំគោកកឋិន ក៏ដូចជាឃុំគំរូ ឃុំថ្មពួក និងឃោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ៕ ដោយ៖ លឹម ហុង