Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង ដល់​សង្គម​-​សេដ្ឋកិច្ចកម្ពុជា

​ភ្នំពេញ​៖ ចាប់តាំងពី​ថ្ងៃ​១​ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ជំនន់​ទឹកភ្លៀង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​១៩​រាជធានី​-​ខេត្ត ក្រុង ស្មើ​៩១​ខណ្ឌ​-​ស្រុក​។ ប្រជាជន​កម្ពុជា​ប្រមាណ​៧៨.០៥៦​គ្រួសារ ស្មើ​ប្រមាណ ៣១២,២២៤​នាក់ ក្នុងនោះ​ប្រជាពលរដ្ឋ​ចំនួន​២៥​នាក់​បាន​ស្លាប់ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​មួយចំនួន​ដូចជា ផ្លូវថ្នល់ ប្រព​ន្ធ័​ធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ រោងចក្រ ទេសចរ​បានទទួលរ​ង​នូវ​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នា​ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​រា​ជ​បណ្ឌិត្យសភា​កម្ពុជា​។​

១-​ជំនន់​ទឹកភ្លៀង​ឆ្នាំ​២០២០

​ចាប់តាំងពី​ថ្ងៃ​១​ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ជំនន់​ទឹកភ្លៀង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​១៩​រាជធានី​-​ខេត្ត ក្រុង ស្មើ​៩១​ខណ្ឌ​-​ស្រុក​។ ប្រជាជន​កម្ពុជា​ប្រមាណ​៧៨.០៥៦​គ្រួសារ ស្មើ​ប្រមាណ ៣១២.២២៤​នាក់ ក្នុងនោះ​ប្រជាពលរដ្ឋ​ចំនួន​២៥​នាក់​បាន​ស្លាប់ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​មួយចំនួន​ដូចជា ផ្លូវថ្នល់ ប្រព​ន្ធ័​ធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ រោងចក្រ ទេសចរណ៍​បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នា​ឆ្នាំ​២០២០​នេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបាន​ជំនួយ​ថវិកា​សរុប​ប្រមាណ​៧.១៦៣.៥៧៣​ដុល្លារ​សហរដ្ឋអាមេរិក​និង​ការបន្ត​ជួយ​ជា​សម្ភារ ថវិកា បច្ចេកទេស​ពី​សប្បុរសជន​នានា (​ប្រសាសន៍​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​១៩​តុលា​ឆ្នាំ​២០២០)​។​

២-​ផលប៉ះពាល់​ផ្ទាល់​ដល់​សង្គម​-​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​

​ប្រជាពលរដ្ឋ​នៅតាម​តំបន់​រងគ្រោះ​ទាំងនោះ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​រួមមាន​ចាស់ជរា ជនពិការ​និង​កុមារ​ទទួលរង​ផលប៉ះពាល់​ផ្ទាល់​ខ្លាំងជាងគេ​។ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់​និង​ប្រព័ន្ធ​គមនាគមន៍​ត្រូវ​រអាក់រអួល​ក្នុងអំឡុងពេល​ជំនន់​ទឹកភ្លៀង​។​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ការរកចំណូល​ចិញ្ចឹម​គ្រួសារ សុខមាលភាព​ប្រជាពលរដ្ឋ ការស្វែងរក​សេវាសាធារណៈ សាលារៀន មន្ទីរពេទ្យ សាលាឃុំ​។​ល​។​ត្រូវបាន​រំខាន​។​

​ខាងក្រោម​នេះ​គឺជា​ទិន្នន័យ​នៃ​ការ​ទទួលរង​ផលប៉ះពាល់​ផ្ទាល់​ដែល​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ផ្ស​ព្ធ​ផ្សាយ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០៖ ប៉ះពាល់​១៩ រាជធានី ខេត្ត ក្រុង​។ ប៉ះពាល់​ប្រជាជន​ប្រមាណ​៧៨.០៥៦​គ្រួសារ ស្មើ​ប្រមាណ​៣១២.២២៤​នាក់​។ ជម្លៀសចេញ​៩៣៤៩​គ្រួសារ​ស្មើ​៣៧.៣៩៦​នាក់ ។ មនុស្ស​ស្លាប់​២៥​នាក់​។ ប៉ះពាល់​ផ្ទះ​៧៣.៧២០ ខូចខាត​៥៦​ខ្នង​។ សាលារៀន​លិច​ទឹក​៥៦៨​កន្លែង​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ប្រមាណ​៣៩៣​គីឡូម៉ែត្រ និង​ផ្លូវលំ​ជនបទ​ប្រមាណ​១៤៦៧​គីឡូម៉ែត្រ​។ ប្រព​ន្ធ័​ធារាសាស្ត្រ​នានា​-​ទំនប់​២៤​គីឡូម៉ែត្រ ប្រឡាយ​មេ​១៩៧,៣​គីឡូម៉ែត្រ ប្រឡាយ​រង​១៤៩,៦​គីឡូម៉ែត្រ ប្រឡាយ​ស្រោចស្រព​៨៥,៩​គីឡូម៉ែត្រ ស្រូវ​លិច​ទឹក​២១៣.២៨៩​ហិកតា ដំណាំ​រួមផ្សំ​ផ្សេងៗ​៧៩.៨៨៨​ហិកតា​។​ល​។​

​តាម​ទិន្នន័យ​ខាងលើ យើង​ឃើញថា ផលប៉ះពាល់​ដល់​សង្គម​-​សេដ្ឋកិច្ច មាន​ទំហំធំធេង​ដែលជា​បញ្ហា​ការអភិវឌ្ឍ​ថ្មី​បន្ថែម ដល់​ការទទួលខុសត្រូវ​រប​ស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុងពេល​បច្ចុប្បន្ន​។​

៣-​ផលប៉ះពាល់​ដល់​សង្គម​-​សេដ្ឋកិច្ច​នាពេល​អនាគត​

​បន្ទាប់ពី​មាន​គ្រោះមហន្តរាយធម្មជាតិ​ម្តងៗ កម្ពុជា​បាន​ប្រើប្រាស់​នូវ​ថវិកាជាតិ​ដែល​បានមកពី​ចំណូល​ពន្ធគយ ចំណូល​ពន្ធដារ​និង​ជំនួយ​បច្ចេកទេស សម្ភារ ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍ វិ​ស​យ័​ឯកជន​និង​សប្បុរសជន​នានា ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សារ​វ័​ន្ត​និង​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​។​

​ជំនន់​ទឹកភ្លៀង​ឆ្នាំ​២០២០​នេះ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយទៀត​បន្ថែម ពីលើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​រួចស្រេច​ទៅហើយ (​យោងតាម​ការវាយតម្លៃ​ពី​បច្ចុប្បន្នភាព នៃ​សេដ្ឋកិច្ចកម្ពុជា​នា​ឆ្នាំ​២០២០​ពី​រាជរដ្ឋាភិបាល​កម្ពុជា​(-១,៩%) ធនាគារ​អភិវឌ្ឍន៍​អា​សី​ADB (-៤%) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF (-២,៨%) និង​ធនាគារពិភពលោក​WB (-២%) ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩)​។​

​មុនពេល​ជំនន់​ទឹកភ្លៀង​យើង​មាន​សុ​ទិ​ដ្ធិ​និយម​ថា វិ​ស​យ័​កសិកម្ម (​ការប្រើប្រាស់​កសិផល​ក្នុងស្រុក​និង​ការនាំចេញ​) វិស័យ​ទេសចរណ៍ (​ការធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក​) និង​វិ​ស​យ័​សំណង់​-​អចលនទ្រព្យ (​គម្រោង​សំណង់​ធំៗ​នៅ​ដំណើរការ​និង​តម្រូវការ​អតិថិជន​ក្នុងស្រុក​) ។​ល​។ អាចជួយ​សេដ្ឋកិច្ចកម្ពុជា បាន​ខ្លះ​នា​ឆ្នាំ​២០២០ និង​ឆ្នាំ​បន្ទាប់ តែ​វិស័យ​ទាំងនេះ​ក៏​កំពុង​ទទួលរង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង​ផងដែរ​។ សេដ្ឋកិច្ចកម្ពុជា​ដែល​ធ្លាប់​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ និង​វាយ​ន​ភណ្ឌ​ក៏​ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​។ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រក​បរបរ​ក្នុង​វិ​ស​យ័​ទេសចរណ៍ រោងចក្រ វាយ​ន​ភណ្ឌ សំណង់​និង​កសិកម្ម ទទួលរង​ផលប៉ះពាល់ ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ អត្រា​ភាពក្រីក្រ​កើនឡើង​វិញ សុខភាព​ផ្លូវចិត្ត ផ្លូវកាយ មាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​សង្គម​។​

​ការសម្រេច​គោលដៅ​របស់​កម្ពុ​ជានា​២០៣០ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ការធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុង​រង្វង់​៧% ក្នុង​មួយឆ្នាំ ផែនការ​អភិវឌ្ឍ​ជាតិ​នានា ត្រូវ​ជួប​ការរាំងស្ទះ​។ ចំណូល​និង​ចំណាយ​ថវិកាជាតិ​មួយផ្នែកធំ​នឹងត្រូវ​ផ្តោតលើ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សារ​វ័​ន្ត​ឡើងវិញ​។​

​ទោះបី​យ៉ាង​ក៏ដោយ ក៏​យើង​នៅតែមាន​សុ​ទិ​ដ្ធិ​និយម​ថា នាពេល​អនាគត តាមរយៈ​ការស្ថាបនា​ឡើងវិញ កាន់តែ​ប្រសើរ (Building Back Better-BBB) ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍​និង​វិស័យ​ឯកជន ការកែទម្រង់​ផ្ទៃក្នុង ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន ស្ថិរភាព​និង​និរន្តរភាព​ជាតិ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×