ភ្ញៀវទេសចរចិនចំនួន ៣៩ នាក់បានមកដល់ទីក្រុងបាងកកតាមផ្លូវអាកាសកាលពីថ្ងៃអង្គារ ដែលជាការកត់សម្គាល់នៃការវិលត្រឡប់របស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ បន្ទាប់ពីរយៈពេល ៧ ខែដោយសារការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩។
ក្រុមអ្នកទេសចរមកពីសៀងហៃដែលបានចូលមកប្រទេសនេះក្រោមទិដ្ឋាការទេសចរណ៍ពិសេសដែលទើបបង្កើតថ្មីនឹងត្រូវដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅតាមទីតាំងនានាក្នុងរាជធានីមុនពេលចេញដំណើរទៅគោលដៅរបស់ខ្លួន។
លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ភាគច្រើននៃភ្ញៀវទេសចរដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃសរុបចំនួន ៣០ ថ្ងៃបានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេចង់ទៅលេងឆ្នេរបន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក។
ប៉ុន្តែដើម្បីឲ្យច្បាស់ចំពោះការធ្វើដំណើរក្នុងប្រទេស ភ្ញៀវទេសចរត្រូវតែធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះចំនួនពីរដង។ ពួកគេទាំងអស់ត្រូវតែតំឡើងកម្មវិធីតាមដាននៅលើស្មាតហ្វូនរបស់ពួកគេផងដែរ។
លោក Yuthasak បាននិយាយថា ក្រុមទី២នៃភ្ញៀវទេសចរប្រហែល ១០០ នាក់នឹងមកដល់ទីក្រុងបាងកកពីទីក្រុងក្វាងចូវនៅភាគខាងត្បូងប្រទេសចិននៅថ្ងៃច័ន្ទ នឹងមានភ្ញៀវមកពីប្រទេសចិននិងបណ្តាប្រទេសមួយចំនួនមកពីអឺរ៉ុប។
ប្រទេសថៃដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងបិទប្រទេសនៅចុងខែមីនាដើម្បីទប់ស្កាត់ទៅនឹងការរីករាលដាលនៃមេរោគកូវីដ១៩ដែលរារាំងជនបរទេសមិនអោយចូលប្រទេស។ ទោះបីជាយ៉ាងណា ការប្រឆាំងនឹងរដ្ឋាភិបាលបានធ្វើឱ្យរញ្ជួយប្រទេសជាពិសេសនៅទីក្រុងបាងកក ក៏ដោយក៏លោក Yuthasak បាននិយាយថាភាពតានតឹងនយោបាយកាន់តែខ្លាំងមិនបានប៉ះពាល់ដល់វិស័យទេសចរណ៍ឡើយដោយរំពឹងថាភ្ញៀវទេសចរបរទេសនឹងធ្វើដំណើរទៅកាន់តំបន់នានាក្នុងខេត្ត។
ប៉ុន្តែលោកថាស្ថានការណ៍ត្រូវតែត្រួតពិនិត្យយ៉ាងដិតដល់។ កាលពីថ្ងៃអង្គារប្រទេសថៃបានរាយការណ៍ពីការឆ្លងវីរុសថ្មីចំនួន ៩ ករណីដែលពួកគេទាំងអស់បាននាំចូលដែលនាំឱ្យមានចំនួនសរុបដល់ទៅ ៣.៧០០ ករណី៕
ប្រភព៖ Bangkok Post
ដោយ៖CEN