Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង ស្នើឱ្យកងកម្លាំងប៉ូលីសនិងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីរាជធានីភ្នំពេញ

ភ្នំពេញ៖នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។
នេះជាការលើកឡើងរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ល្ងាចថ្ងៃទី២៥ កុម្ភៈ២០២៦នេះនៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេងបញ្ជាក់ច្បាស់ថា៖តាមអនុសាសន៌ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីត្រូវធ្វើការបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះឬខ្មៅទេ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៌ទៀតថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ស្នើឱ្យកងកម្លាំងប៉ូលីសនិងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថាដល់ខែមិនា ត្រូវតែស្អាត។
ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ រាជធានីភ្នំពេញយើង បានបង្កើតក្រុមការងារបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន៦ក្រុម ដូច្នេះស្នើឱ្យក្រុមទាំង៦ ចុះអនុវត្តការងារព្រមៗគ្នាតែម្តង នៅតំបន់ណាដែលយើងត្រូវអនុវត្ត។ ក្រោយតំបន់នោះយើងសម្អាតអស់ហើយ ទើបយើងបន្តទៅតំបន់មួយទៀត សំដៅធ្វើយ៉ាងណា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែស្អាតនៅបំណាច់ខែកុម្ភៈនេះ។
ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការ ក្នុងការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញៀនផងដែរ ពោលគឺត្រូវអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឱ្យបានល្អ។
ឯកឧត្ដមឃួង ស្រេង បានណែនាំទៀតថា៖ ក្រោយ បេសកម្មនៃការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះអស់ពីរាជធានីភ្នំពេញហើយ រាល់ការផ្ទេរ លក់ ជួលទីតាំង ខុនដូរ អាផាតម៉ិនផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដាច់ខាតត្រូវតែមានលិខិតស្នាមពីអាជ្ញាធរមូលដ្ឋាន ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×