រាជធានីភ្នំពេញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Nianshan Zhang អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។ ជំនួបនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីកំណែទម្រង់ដែលកំពុងអនុវត្ត រួមមានការកែលម្អប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ ពង្រឹងការអនុវត្តអាជ្ញាបណ្ណ និងជំរុញការរួមបញ្ចូលគ្នា ដើម្បីលើកកម្ពស់គុណភាពសេវា ប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមបានលើកឡើងថា៖ “ទឹកស្អាតមិនមែនត្រឹមតែសម្រាប់ការផ្គត់ផ្គង់តាមផ្ទះ ឬសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មឧស្សាហកម្ម និងសេដ្ឋកិច្ច។ យើងត្រូវពង្រឹងការអនុវត្តច្បាប់ ជំរុញការផ្កួបគ្នានិងកែលម្អប្រតិបត្តិករ វិនិយោគលើប្រព័ន្ធខ្នាតធំដែលធន់នឹងអាកាសធាតុ និងកសាងសមត្ថភាពបច្ចេកទេស ដែលចាំបាច់សម្រាប់ផ្តល់សេវាប្រកបដោយគុណភាព និងអាចទុកចិត្តបាននៅទូទាំងប្រទេស។”
លោក Zhang បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ដោយកត់សម្គាល់ថា៖ “សមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះមានទំហំធំធេងណាស់។”
លោកក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រការរៀបចំផែនការយុទ្ធសាស្ត្រអន្តរវិស័យ និងការពង្រឹងស្ថាប័នក្រោម កម្មវិធីវិនិយោគទីក្រុងងាយរស់នៅ ធន់ និងមានសុវត្ថិភាពទឹក របស់ខ្លួន។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធ រវាងហេដ្ឋារចនាសម្ព័ន្ធគុណភាព និងភាពប្រកួតប្រជែងពាណិជ្ជកម្ម។ លោកស្រីបានលើកឡើងថា៖ “ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការត្រៀមខ្លួនសម្រាប់ការនាំចេញ នឹងមានសារសំខាន់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់កម្ពុជា។”
លោកស្រីបានបន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា ដើម្បីពង្រឹងការងារវាយតម្លៃទទួលស្គាល់ ស្តង់ដារូបនីយកម្ម និងសមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍។
ភាគីទាំងពីរបានឯកភាព បន្តកិច្ចសហការកាន់តែស៊ីជម្រៅ ដើម្បីធានានូវការអនុវត្តគម្រោងបានទាន់ពេលវេលា និងពង្រឹងភាពធន់នៃវិស័យទាំងនេះក្នុងរយៈពេលវែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី









