ខេត្តបន្ទាយមានជ័យ៖ ដោយសារជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២១ខែតុលា ឆ្នាំ ២០២០នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនសារ អំពាវនាវដល់គ្រប់គ្រឹះស្ថានធនាគារ និងគ្រប់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ នៅទូទាំងប្រទេស សូមធ្វើការយោគយល់ បន្ធូរបន្ថយ ឬពន្យាពេល ការសងបំណុលដល់ប្រជាពលរដ្ឋ ក្នុងពេលកម្ពុជាកំពុងជួបនិងគ្រោះទឹកជំនន់។ ការអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអំពាវដូចគ្នានេះដែរ ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់យោគយល់ដល់អ្នកបាត់បង់ចំណូលក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យធគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងឡាយ យោគយល់ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះទឹកជំនន់នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយការបន្ធូរបន្ថយអត្រាការប្រាក់ ឬពន្យាពេលនៃការសងបំណុល រហូតដល់ពេលស្ថានភាពធូរស្រាលសមស្របឡើងវិញ។
សម្តេចតេជោបានមានប្រសាន៍ថា «ខ្ញុំជូនសារនេះ ទៅគ្រប់ធនាគារ និងគ្រប់មីក្រូហិរញ្ញវត្ថុ សូមធ្វើការយោគយល់ដល់សភាពការណ៍ដ៏លំបាករបស់ប្រជាជនយើង ពិតហើយអស់លោកត្រូវការចំណេញ ប៉ុន្តែបើចំណេញទៅលើការលំបាករបស់ប្រជាពលរដ្ឋ ក៏មិនមែនជាការសប្បាយរីករាយសម្រាប់ទាំងអស់គ្នា ហើយនៅក្នុងស្ថានភាពឈ្នះ-ឈ្នះនោះដែរ ហើយសង្ឈឹមថា ធនាគារទាំងអស់នឹងធ្វើការងារនេះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ព្រោះរឿងនេះ វាបានកើតឡើង បានផ្តល់ការឈឺចាប់ខ្លាំងណាស់ទៅហើយសម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំក៏សូមអំពាវនាវសូមកុំរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលជំងឺកូវីដ១៩ និងដំណាក់កាលគ្រោះទឹកជំនន់នេះ សម្រាប់អ្នកដែលប៉ះពាល់ដោយទឹកជំនន់»។
ផ្ទុយទៅវិញ សម្តេចតេជោ ហ៊ុន សែន នៅតែបញ្ជាក់ដដែលដោយបន្តស្នើឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ ធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់ជនទាំងឡាយណាដែលចូលរួមជាមួយចលនាដែលប៉ុនប៉ងឲ្យប្រជាពលរដ្ឋទាំងអស់ដកប្រាក់ពីធនាគារ និងកុំសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងចេតនាដ៏អាក្រក់ដើម្បីធ្វើឲ្យវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាដួលរលំ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ខែតុលា ឆ្នាំ ២០២០នេះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងសរុបមានប្រមាណជាង ១០ម៉ឺនគ្រួសារ ដែលស្មើនឹងជាង ៤១ម៉ឺននាក់៕
ដោយ៖CEN