Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​៖ កសិករ​ខ្នាតតូច​គួរ​ធ្វើ​ពិពិធ​កម្ម​ទៅលើ​ការ​ដា​ដុះ​ដំណាំ

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) ចង់ឱ្យ​កសិករ​ខ្នាតតូច​គិត​អំពី​ការអនុវត្ត​ការធ្វើ​កសិកម្ម​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ជាក់ស្តែង ទីមួយ​គឺ ស្តង់ដារ​ការអនុវត្ត​កសិកម្ម​ល្អ (Good Agriculture Practice, GAP) និង​ទី​ពីរ​គឺ ស្តង់ដារ​សរីរាង្គ​។

​លោក​ថា​ស្តង់ដារ​ទាំងពីរ​នេះ តោងទាម​ឱ្យ​កសិករ​ត្រូវ​ធ្វើខ្លួន​ជា​សហគ្រិន​កសិករ ដោយ​បន្ត​អនុវត្ត​នូវ​បទដ្ឋាន​ស្តង់ដារ​ទាំងនេះ​ផ្អែកលើ​ការរំពឹងទុក​នៃ​ផល​ដែល​ទទួលបាន នៅ ក្នុង​រយៈពេល​វែង ដើម្បី​ធានា​នូវ​និរន្តរភាព​។

​បន្ថែម​ពីលើ​នេះ លោក​ឧកញ៉ា បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ក​សិ​-​បច្ចេកវិទ្យា (Agri-Tech) ក្នុងការ​ធានា​នូវ​ភាព​ប្រកួតប្រជែង តម្លាភាព និង​សុចរិត​ភាព ជាក់ស្តែង បច្ចេកវិទ្យា​ជា​ទម្រង់​មួយ​ធានា​នូវ​ការជឿទុកចិត្ត​រវាង​ភាគី​ទាំងពីរ ពោលគឺ​ទាំង​អ្នក​ផលិត (​កសិករ​) និង​អ្នកទិញ (​ក្រុមហ៊ុន​)​។

​លោក​សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) បាន​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ ទាក់ទង​នឹង​ប្រធានបទ “​កសិករ​ខ្នាតតូច​ក្នុងស្ថានភាព​កូ​វីដ​១៩” នៃ​វេទិកា​កសិករ​ថ្នាក់ជាតិ លើក​ទី​៩ ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​ការបើក​វេទិកា​ពី​សំណាក់ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា​។​

​វេទិកា​កសិករ​ថ្នាក់ជាតិ ក្រោម​ប្រធានបទ “​កសិករ​ខ្នាតតូច​ក្នុងស្ថានភាព​កូ​វីដ​១៩” នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ទីមួយ​គឺ​ដើម្បី​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​កសិផល​រប​ស់​កសិករ​ខ្នាតតូច ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ទី​ពីរ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ដែល​ពាក់ព័ន្ធ ជាពិសេស​យន្តការ​គាំទ្រ​កសិករ​ខ្នាតតូច ឆ្លើយតប​ផលប៉ះពាល់​នៃ​កូ​វីដ​១៩ ទី​បី​គឺ ដើម្បី​ពង្រឹង​កិច្ចសហការ និង​ភាពជា​ដៃគូរ ដើម្បី​គាំទ្រ​កសិករ​ខ្នាតតូច លើ​ការវិនិយោគ​កសិកម្ម និង​ក​សិ​ធុរៈកិច្ច ក្នុងស្ថានភាព និង​ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​ប្រធានបទ​សំខាន់ៗ​ចំនួន​៣​នៅក្នុង​ប្រធានបទ​រួម​នេះ ត្រូវបាន​លើក​ឡើងជា​វេទិកា​ជជែក​ពិភាក្សា រួមមាន ទីមួយ គុណភាព និង​សុវត្ថិភាព​កសិក​ផល ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ទី​ពីរ គោលនយោបាយ​និង​យន្តការ ឆ្លើយតប​ផលប៉ះពាល់​នៃ​កូ​វីដ​១៩ និង​ទី​បី​គឺ និន្នាការ​នៃ​ការវិនិយោគ​កសិកម្ម និង​ក​សិ​ធុរៈកិច្ច ក្នុងស្ថានភាព​កូ​វីដ​១៩ ដែល​ប្រធានបទ​ទី​បី​នេះ​មានការ​ចូលរួម​ជា​វាគ្មិន​ពិភាក្សា​ពី​សំណាក់​ក្រុមហ៊ុននាំចេញ​អង្ករ ដែលជា​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ផងដែរ​។

​លោក ឡូយ សុផាត បានលើកឡើង​ពី​ការអន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​ជាបន្ទាន់ ឆ្លើយតប​ទៅនឹង​ស្ថានភាព​កូ​វីដ​១៩ ពី​រាជរដ្ឋាភិបាល ដែល​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ អាចឱ្យ​ប្រជាកសិករ​អាច​និង​កំពុង​បន្ត​ផលិត​នូវ​ផលិតផល​កសិកម្ម​ដែលមាន​សក្តានុពល​នានា ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​។

​លោក សារ៉ន បាន​គូសបញ្ជាក់​អំពី​ចំនួន​កសិករ​ខ្នាតតូច​នៅក្នុង​ប្រទេស​កម្ពុជា ដែល​យោងតាម​របាយការណ៍​មាន​ចំនួន​ដល់​ទៅជិត​១​លាន​គ្រួសារ ឬ​ជាង​32% នៃ​ចំនួន​គ្រួសារ​ទាំងអស់​នៅ​កម្ពុជា មាន​ដីស្រែ​ដាំ​ស្រូវ តិចជាង​មួយ​ហិកតា ដែល​ការណ៍​នេះ​មានន័យថា កសិករ​ខ្នាតតូច​ទាំងនេះ មាន​ហានិភ័យ​ខ្ពស់​លើ​ការដាំដុះ​ដំណាំ​ស្រូវ ដែល​មិនអាច​ឆ្លើយ​ទៅនឹង​ទីផ្សារ​នាំចេញ​នោះឡើយ ហើយ​ជាពិសេស​នោះ គឺ​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​។
​កសិករ​ខ្នាតតូច​មិន​អាចមាន​និរន្តរភាព​សេដ្ឋកិច្ច ដោយ​ពឹង​ផ្នែក​ពី​ដំណាំ​ស្រូវ​មួយ​មុខ​បាន​នោះឡើយ ជាពិសេស​ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ចាំបាច់​ឱ្យ​កសិករ​ត្រូវ​រៀនរ​ស់បែប​ថ្មី (New normal) និង​ទាញយក​សក្តានុពល​និង​ឱកាស​ដែល​អាចធ្វើ​ទៅបាន នៅក្នុង​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​របស់ខ្លួន ក្រៅពី​ដំណាំ​ស្រូវ​តែមួយ​មុខ​នេះ​៕

ដោយ៖CEN

×