ភ្នំពេញ៖ បើទោះបីជា ទីផ្សារហ៊ុនក្នុងតំបន់ និងពិភពលោក កំពុងរងផលប៉ះពាល់ ដោយការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដោយ ក្រុមហ៊ុនចុះបញ្ជីមួយចំនួន នៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅតែ បង្ហាញពីប្រតិបត្តិការនិងរក្សាបានចំណូលជាវិជ្ជមាន នៅប៉ុន្មានខែមកនេះ។
កំពង់ផែស្វយ័តភ្នំពេញ បានរាយការណ៍ថា រកបានប្រាក់ចំណូលប្រមាណ ២២, ២៦៤ លានដុល្លារ នៅក្នុងរយៈពេល ៩ខែឆ្នាំនេះ បើធៀបនឹង ២១,៧០៧លាន ដុល្លារ ក្នុងរយៈពេលដូចគ្នានិងឆ្នាំមុន កើនឡើង២,៥៦ភាគរយ។
អ្នកជំនាញលើកឡើងថា អាជីវកម្ម ក្នុងវិស័យកំពង់ផែ ហាក់ដូចជាធ្វើបានយ៉ាងល្អ ទោះបីជាការចរាចរ កាន់តែទាប ក្នុងអំឡុងពេលជំងឺកូវីដ១៩ ក៏ដោយ ខណៈដែលឧស្សាហកម្មកាត់ដេរ ត្រូវរងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារតែតម្រូវការ និងការបញ្ជាទិញធ្លាក់ចុះ និងការពន្យារពេលនាំចេញផលិតផលទៅឱ្យ អតិថិជន ដែលបណ្ដាលមកពីការបិទប្រទេស ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩។
សម្រាប់ក្រុមហ៊ុន Pestech (Cambodia) Plc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ខ្សែបញ្ចូលថាមពល និងជាបុត្រសម្ព័ន្ធគ្រប់គ្រង ១០០ ភាគរយ ដោយក្រុមហ៊ុនមេ Pestech International Bhd មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានចុះបញ្ជីមូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅខែសីហា ឆ្នាំនេះ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏តានតឹងនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ ក្រុមហ៊ុននេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ កើនឡើង ៣០០ភាគរយ មានចំនួន ៩,២៤៣ លានដុល្លារ បើប្រៀបធៀបនឹងតួលេខកាលពីឆ្នាំមុនចំនួន ២,៣៤៣ លានដុល្លារ។
ដោយឡែក ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានចុះបញ្ជីក្នុងក្រុមហ៊ុនមូលបត្រកម្ពុជា បានកើនឡើងខ្លាំង ៧១ ភាគរយ ហើយចំណែកឯធនាគារ Aclyda ប្រាក់ចំណេញ សុទ្ធ បានកើនឡើង ២,៧ភាគរយ។
បើតាមលោកហុង សុខ ហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា CSX បានឱ្យដឹងថា រហូតមកដល់ពេលនេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ក្នុងចំណោមនោះ ក្រុមហ៊ុន ៧ ចុះបញ្ជីមូលបត្រកម្មសិទិ្ធ និងក្រុមហ៊ុន ៦ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ១៣ នេះបានប្រមូលមូលនិធិប្រហែល ២៤៣ លានដុល្លារ។ គិតត្រឹមបញ្ចប់ឆមាសទី ១ ឆ្នាំ២០២០នេះ ទំហំមូលធននូបនីយកម្មទីផ្សារមូលបត្របានកើនឡើងដល់ ២,៥៧ ពាន់លានដុល្លារ ដោយកើនឡើងចំនួន ៤,៥ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រតិបត្តិការ របស់ក្រុមហ៊ុនចុះបញ្ជីខុសគ្នាពីឧស្សាហកម្មមួយទៅឧស្សាហកម្មមួយ។ ទោះយ៉ាងណាប្រតិបត្តិការជារួមកំពុងទទួលបាន ភាពវិជ្ជមាន ទោះបីជាស្ថិតក្នុងសភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ៕
ដោយ៖CEN