បាត់ដំបង៖ ឯកឧត្តម ឡោក ហួ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានណែនាំទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវស្រងឈ្មោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ដែលនឹងទទួលអំណោយពីរាជរដ្ឋាភិបាលឬសប្បុរសជននានា ឲ្យច្បាស់លាស់ មានតម្លាភាព មិនប្រកាន់និន្នានយោបាយ ចៀសវាងមានការរិះគន់ទៅលើរាជរដ្ឋាភិបាលថាមិនបានខ្វាយខ្វល់ពលរដ្ឋរងគ្រោះគ្រប់គ្នា។
ការលើកឡើងបែបនេះ ក្នុងពិធីចែកអំណោយពលរដ្ឋចំនួន មួយពាន់គ្រួសារ ដែលជាអំណោយរបស់ក្រុមហ៊ុនស្មាត នៅក្នុងស្រុកសង្កែ លាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០។
ឯកឧត្តម ឡោក ហួអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហាទឹកជំនន់ បានធ្វើឲ្យពលរដ្ឋជាច្រើនម៉ឺនគ្រួសាររងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ ហើយបញ្ហានេះជាបន្ទុករបស់រាជរដ្ឋាភិបាលត្រូវដោះស្រាយ។ នៅចំពោះមុខអ្វីដែលត្រូវដោះស្រាយបន្ទាន់ បន្ទាប់ពីជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព អាជ្ញាធរត្រូវចុះចែកស្បៀងបណ្ដោះអាសន្ន ដល់ពួកគាត់ឲ្យបានគ្រប់គ្នា ដែលការចែកនេះ ត្រូវធ្វើឲ្យបានគ្រប់ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរពិតប្រាកដ ហើយទាមទារឲ្យអាជ្ញាធរ មូលដ្ឋានត្រូវធ្វើការងារនេះឲ្យបានច្បាស់លាស់។
ឯកឧត្តម ឡោក ហួ បានអំពាវនាវដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែរនោះ ប៉ុន្តែមិនមានលិចលង់ធ្ងន់ធ្ងរហើយមានជីវ
ភាពក្នុងគ្រួសារសមរម្យ សូមកុំអាក់អន់ចិត្ត ដែលអាជ្ញាធរមិនបានផ្ដល់ស្បៀងជូន។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២១ ខែតុលានេះ ទឹកជំនន់នៅខេត្តបាត់ដំបង បានស្រកអស់ច្រើនជាអន្លើរៗហើយ។ នៅខេត្តបាត់ដំបង មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដែលចាត់ដាក់ចូលក្នុងគ្រោះមហន្តរាយ ដោយសារទឹកជំនន់នោះទេ។ ចំពោះមានករណីអ្នកស្លាប់ដោយសារលង់ទឹក ក្នុងអំឡុងទឹកជំនន់នៅខេត្តបាត់ដំបងនោះ គឺជាករណីពលរដ្ឋទៅលេងទឹក ហើយលង់ស្លាប់ដោយខ្លួនឯង មិនមានកើតឡើង ដោយសារលិចលង់លំនៅដ្ឋាន ហើយពួកគាត់លង់ស្លាប់នោះទេ៕ ដោយ ៖ អ៊ុងសារុំ