ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ៣៩នាក់ហើយ បានស្លាប់ដោយសារ ជំនន់ទឹកភ្លៀង ដែលបាននិងកំពុងវាយប្រហារលើរាជធានី-ខេត្ត ចំនួន១៩ ស្មើនឹង ១១០ ក្រុង/ស្រុក/ខណ្ឌ។
បើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តដែលមានអ្នកស្លាប់ច្រើនជាងគេ គឺខេត្តបន្ទាយមានជ័យមានរហូតដល់ទៅ ២២នាក់ ។
ក្នុងរបាយការណ៍ បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនេះរួមមាន៖ ខេត្តពោធិ៍សាត់ ៦នាក់, បន្ទាយមានជ័យ ២២នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។
របាយការណ៍បានបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ១២០៧៨៥ គ្រួសារ ស្មើនឹង ៤៨៣១៤០ នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ២៣២៥៥១ ហិកតា រួមនឹងដំណាំរួមផ្សំប្រមាណ ៨៣៩១៨ ហិកតា ទៀតផងដែរ។
ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេសខេត្តភាគពាយ័ព្យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែរហូតពេលនេះស្ថានភាពនៃជំនន់ទឹកភ្លៀងហាក់បានធូរស្រាល ច្រើនរាជធានីខេត្ត លើកលែងតែខេត្តបន្ទាយមានជ័យ ដែលកំពុងបន្តជន់លិច៕ដោយ៖បញ្ញាស័ក្តិ