Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង ជំរុញ​ដល់​មន្ត្រី​ជំនាញ បន្ត​គាំទ្រ​ជួយ​ប្រជាពលរដ្ឋ លើ​ការងារ​ដាំ​ដុះ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ ដើម្បី​ស្តារ​ប៉ះប៉ូវ​នូវ​ការខូចខាត ក្រោយ​ទឹកជំនន់​ស្រក​អស់​

​បាត់ដំបង​៖​លោក សឿ​ម ប៊ុន​រិ​ទ្ធិ​អភិបាលរង​ខេត្តបាត់ដំបង បានធ្វើ​ការជំរុញ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង ត្រូវ​បន្ត​ការគាំទ្រ​បន្ថែមទៀត​ជួយ​ដល់​ប្រជាពលរដ្ឋ លើ​ការងារ​ដាំ​ដុះ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ ដើម្បី​ស្តារ​និង​ប៉ះប៉ូវ​ឡើងវិញ​នូវ​ការខូចខាត​ផលដំណាំ​ក្រោយ​ទឹកជំនន់​ស្រក​អស់​។​

​ការលើកឡើង​បែបនេះ នៅក្នុង​ពិធី​បើក​អង្គ​វេទិកា​ស្តីពី​ការអនុវត្ត​កសិកម្ម​ល្អ​តាម​កិច្ចសន្យា និង​ការប្រើប្រាស់​មូលនិធិ​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​បង្កើន​ចំនួន​ក្រុម​អ្នក​ផលិត​បន្លែ​សុវត្ថិភាព ស្របតាម​ការអនុវត្ត​កសិកម្ម​ល្អ​និង​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានា​ដល់​ខ្សែសង្វាក់​តម្លៃ​បន្លែ​ក្នុងស្រុក​និង​មាន​ទីផ្សារ​ជាក់លាក់ ក្នុងការ​លើកកម្ពស់​ដ​ល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ បន្ទាប់ពី​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ​អភិបាលរង​ខេត្តបាត់ដំបង បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​គប្បី​ពិនិត្យឡើងវិញ​ផងដែរ​ទៅលើ​បន្លែ ផ្លែឈើ​ដែល​នាំចូល​ពី​ក្រៅប្រទេស​ហើយ​មាន​សារធាតុ​គីមី​ពុល បង្ក​ការប៉ះពាល់​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ជា​អ្នក​ទទួលទាន​និង​បាន​ក្រើនរំលឹក​ដល់​សហគមន៍​អ្នក​ផលិត​បន្លែ​សុវត្ថិភាព​ទាំងអស់ ត្រូវ​ផលិត​ដោយ​គិតគូរ​ពី​សុខភាព​របស់​អ្នកប្រើប្រាស់ អ្នកទទួល​ចំណែក អ្នក​ទទួលទាន ត្រូវ​ជំរុញ​ការលើកទឹកចិត្ត​ដល់​អ្នក​ផលិត​ជៀសវាង​បង្អាប់​ទម្លាក់​តម្លៃ​កសិផល​របស់​កសិករ អ្នក​ផលិត​នៅក្នុង​ស្រុក​។ ក្រោយពី​ទឹកជំនន់​បាន​ស្រក​អស់ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​ខិតខំ​ស្តារ​ការងារ​បង្កបង្កើន​ផល​ឡើងវិញ ដើម្បី​ជំនួស​នូវ​ការបាត់បង់ ដោយសារ​គ្រោះធម្មជាតិ​កន្លងមក សំដៅ​ធានា​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់ខ្លួន​ឲ្យ​បាន​ប្រសើរឡើង​។ បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អង្គការ​ជា​ដៃគូ​ផ្សេងៗ ត្រូវ​បន្ត​ជួយ​គាំទ្រ​ដល់​កសិករ ពិសេស​កសិករ​ដែលរ​ង​គ្រោះ​ឲ្យ​មានលទ្ធភាព​ក្នុង​ការងារ​បង្កបង្កើន​ផល ដើម្បី​ពួកគាត់​មានលទ្ធភាព​ប្រកបមុខរបរ​បន្តទៀត​។

​លោក​សឿ​ម ប៊ុន​រិ​ទ្ធិ បាន​បញ្ជាក់ថា បើទោះបីជា​ផលិត​ក្នុងស្រុក​ប្រមាណ​៣០% បានមកពី​វិស័យ​កសិកម្ម​យ៉ាងណាក្តី ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវផ្តោត​បន្ថែមទៀត​លើ​ការសិក្សា​ឡើងវិញ ដើម្បី​ពិសោធន៍​នាំយក​ប្រភេទ​ដំណាំ​ណា​ដែល​ធន់​និង​អាកាសធាតុ ស្រប​ពេលដែល​អាកាសធាតុ​មានការ​ប្រែប្រួល​មិន​ទៀងទាត់ ហើយ​កែច្នៃ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាកសិករ​បាន​ដាំ​ដុះ​ទទួលបាន​ទិន្នផល​ខ្ពស់ ពី​វិស័យ​កសិកម្ម​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ច​សង្គមជាតិ​ទាំងមូល​។​

​លោក ប៉ែន សូ​នី​តំណាង​អង្គការ​ដៃគូ​លើកកម្ពស់​វិស័យ​កសិកម្ម​ខេត្តបាត់ដំបង បាន​អះអាង​បញ្ជាក់ថា ចំពោះមុខ​នេះ​ការអនុវត្ត​បំពេញ​តួនាទី​ដល់​ក្រុម​អ្នក​ផលិត​បន្លែ​ក្នុងស្រុក​នៅតែ​ពង្រឹង​បង្កើន​ការផលិត​ឲ្យ​បាន​ច្រើនជាង​៦០% ជា​ប្រភេទ​បន្លែ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​ស្របតាម​គោលការណ៍​អនុវត្ត​កសិកម្ម​ល្អ​នៅ​កម្ពុជា និង​ស្របតាម​គោលការណ៍​កសិកម្ម​តាម​កិច្ចសន្យាធានា​ខ្សែក្រវ៉ាត់​តម្លៃ​និង​មាន​ទីផ្សារ​មុន​និង​ផលិត​៕ ដោយ​៖​អ៊ុង​សា​រុំ​

×