តាកែវ៖ ចោរស្រីវ័យកណ្តាលម្នាក់ត្រូវនគរបាលក្រុងដូនកែវ ឃាត់ខ្លួនភ្លាមបញ្ជូនទៅតុលាការនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០នេះ ដោយចោទពីបទអំពើលួច ដោយបានធ្វើសកម្មភាពលួចយកម៉ូតូរបស់គេដែលចតទុកចោលហើយម្ចាស់ដើរចូលផ្សារធំតាកែវ ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងដូនកែវ បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីលួចម៉ូតូមួយកើតឡើងត្រង់ចំណុចផ្សារធំតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ វង់ ស្រីលីន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក ZoomerX ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ1Q-8811 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ជា ស្រីរីន អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ដោយម្ចាស់ម៉ូតូបានបញ្ឈរទុកចោលនៅមាត់ច្រកចេញ/ចូលផ្សារពីខាងត្បូង រួចក៏ដើរចូលទៅក្នុងផ្សាររកទិញឥវ៉ាន់ ស្រាប់តែពេលចេញមកវិញមិនឃើញម៉ូតូ។ ភ្លាមៗនោះម្ចាស់ម៉ូតូក៏បានជិះដើរក ក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងតែបណ្ដើរទៅរកកន្លែងជាងធ្វើសោ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចក្រុងដូនកែវដើម្បីធ្វើការឃាត់ខ្លួន។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញនៃអធិការដ្ឋានកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ដោយ៖តាកែវ