Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ដោយសារ​មាន​ឥ​ទ្ឌិ​ពល​ព្យុះ​ថ្មី​មួយទៀត​ឈ្មោះ ម៉ូ​ឡាវ (MOLAVE) ធ្វើ​ឲ្យ​មាន​ភ្លៀងខ្យល់​ខ្លាំង​

​ភ្នំពេញ​៖ សូម​បងប្អូន​នៅតាម​បណ្តា​ខេត្ត​ក្នុង​តំបន់​ខ្ពង់រាប និង​ភាគ​ឦសាន ក៏ដូចជា​ខេត្តបាត់ដំបង បន្ទាយមានជ័យ បង្កើន​ការប្រុងប្រយ័ត្ន​ដោយសារ​មាន​ឥ​ទ្ឌិ​ពល​ព្យុះ​ថ្មី​មួយទៀត​ធ្វើ​ឲ្យ​មាន​ភ្លៀងខ្យល់​ខ្លាំង​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា យោង​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា នៅ​ព្រឹក ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នេះ វិ​សម្ពាធ​មួយ ដែល​បាន​កើតឡើង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងកើត​កៀក​នឹង​ប្រទេស​ហ្វីលីពីន បាន​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ១៨ ឈ្មោះ ម៉ូ​ឡាវ (MOLAVE) ដោយ​ដើរ​ចូលទៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន ។ តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​បង្កើន​ឥទ្ធិពល​ជា​លំដាប់ នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន រួច​ចូលមកក្នុង​សមុទ្រ​ចិន ខាងត្បូង នៅ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​នៅពេល​ចូលមក​ដល់ ប្រទេស​វៀតណាម ត្រង់​ម្តុំ​ចំណុច​ក្វាង​វៃ (Quang Ngai) នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ រួច​បន្ត ដំណើរ​ចូល​លើ​តំបន់​ប៉ា​សុង​របស់​ប្រទេស​ឡាវ ដោយ​ថមថយ​ឥទ្ធិពល​ទៅជា​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៨ ដល់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖

– បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួមមាន​ខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយនឹង​ខ្យល់​ខ្លាំង បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្តបាត់ដំបង អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ សូមជ្រាប ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មាន ការប្រែប្រួល ៕​ដោយ៖​បញ្ញា​ស័ក្តិ​

×