Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែតុលា ឆ្នាំ​២០២០ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បិទ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ ២០២០ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​។

​នៅក្នុង​ពិធី​បិទ​ការប្រកួត​នេះដែរ ឯកឧត្តម ប្រធាន​សហព័ន្ធ ក៏បាន​ប្រគល់​លិខិត​តែងតាំង លោក XU THOMAS អគ្គនាយក ក្រុមហ៊ុន លី​ស៊ីន​គ្រុប (LIXIN GROUP) ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​ប្រគល់​លិខិត​ថ្លែងអំណរគុណ ជូន​ដល់​បណ្ដាល​សមាគម ក្លិប រាជធានី​-​ខេត្ត ដែល​បានមក​ចូលរួម​ក្នុងការ​ប្រកួត​នេះ​។​

​ការប្រកួត​នេះ បាន​ប្រព្រឹត្តទៅ​រយៈពេល ០៦​ថ្ងៃ គិត​ចាប់ពី​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២២​សមាគម ក្លិប រាជធានី​-​ខេត្ត (​មាន ០៦​ខេត្ត​) សរុប ២៤​ក្រុម មាន​ប្រតិភូ គ្រូបង្វឹក ចំនួន ៤១​នាក់ ស្រី ០១​នាក់ កីឡាករ​-​កីឡាការិនី សរុប ១៣៣​នាក់ ស្រី ១៩​នាក់ ហើយ​បែង​ចែកជា ០២​ក្របខណ្ឌ (​ក្របខណ្ឌ ក​១ អាយុ ១៩​ឆ្នាំ​ឡើង និង​ក្របខណ្ឌ ក​២ អាយុ ១៨​ឆ្នាំ​ចុះ​) និង​ប្រកួត​លើ ០៨​វិញ្ញាសា ស្មើនឹង ៤៥៦​ប្រកួត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ថា សូម​ចូលរួម​លេង​កីឡាវាយកូនឃ្លីលើតុ​នេះ ឲ្យ​កាន់​តែមាន​លក្ខណៈ​ផុលផុស នឹង​កាន់តែច្រើន​ថែមទៀត ដែលជា​ឱកាស​ដើម្បី បង្កើត​នូវ​បរិយាកាស ប្រកួតប្រជែង​កាន់តែ​ទូលំទូលាយ​។ ម្យ៉ាងវិញទៀត​ដើម្បី​លើកកម្ពស់​សមត្ថភាព នៅ​កម្ពស់​បច្ចេកទេស ក្នុងការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​រប​ស់​យើង ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។ ជាមួយ​នោះ​កម្មវិធី​ប្រកួត​របស់​យើង​ក៏​ជា​ឱកាស ដើម្បី​ឲ្យ​សហព័ន្ធ​របស់​យើង គណៈកម្មការ​របស់​យើង ក្នុង​វិស័យ​កីឡាវាយកូនឃ្លីលើតុ បាន​រកឃើញ​កីឡាករ កីឡាការិនី​ឆ្នើមៗ​របស់​យើង ដើម្បី​ត្រៀម​ឈាន​ឆ្ពោះទៅ​វគ្គ​បំប៉ន បណ្ដុះបណ្ដាល​ថែមទៀត ដើម្បី​ត្រៀម​ទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១​ខាងមុខនេះ ក៏ដូចជា​យើង​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៣​។ ជាមួយគ្នា​នោះដែរ យើង​ក៏បាន​ផ្តល់ឱកាស ដើម្បី​ឲ្យ​កីឡាករ កីឡា​ការ​នី របស់​យើង ដូចជា​គណៈកម្មការ​រ​បស់​យើង បាន​ដក​ពិសោធន៍ ទាំង​ការប្រកួត បច្ចេកទេស​ប្រកួត ក៏ដូចជា​ដក​ពិសោធន៍ នៅ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត ដើម្បី​តៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅពេល​ខាងមុខនេះ​។​

​នាឱកាស​ដ៏​ថ្លៃថ្លា​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ ជំនួសមុខ​ឲ្យ​សមាជិក​សមាជិកា​ទាំងអស់ នៃ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ ថ្ងៃនេះ​សូម​សំដែង​នូវ​ការអបអរសាទរ ដ៏​ជ្រាលជ្រៅ​បំផុត នឹងមាន​សេចក្តីសោមនស្ស​រីករាយ​បំផុត ចំពោះ​ជ័យលាភី​ដែល​បាន ឆ្លងកាត់​ការប្រកួត ក្នុង​រយៈពេល ០៥​ថ្ងៃ​កន្លងមកនេះ ទទួលបាន​ជោគជ័យ ដែល​ពិសេស​ទៀត គណៈកម្មការ​ជាតិ​ក្នុងការ​ប្រកួត ប្រកាស​ជ័យលាភី​អញ្ជើញ​ជ័យលាភី​ទាំងអស់​ទទួលយក​រង្វាន់​។​

​តាងនាម​ប្រធាន​សហព័ន្ធ បាន​សង្កេតឃើញថា​តាម​ការឆ្លងកាត់ នៃ​ការប្រកួត​នេះ បានបង្ហាញ​ពី​សមត្ថភាព​របស់​កីឡាករ កីឡាការិនី របស់​យើង បើ​ប្រៀបធៀប​ទៅនឹង​ការប្រកួត​លើក​មុន យើង​ឃើញថា​សមត្ថភាព ហាក់បីដូចជា​មានការ​ប្រែប្រួល​ច្រើនជាង​មុន ជាមួយគ្នានេះ​យើង​ក៏​ឃើញ​ទាំងអស់គ្នា​ថា ការចូលរួម​លើក​នេះ ក៏​សកម្មភាព​ផុលផុស​ជាង​មុន​បើ​យើង​ប្រៀបធៀប​កាលពីដើមឆ្នាំ កាល​យើង​រៀបចំ​ការប្រកួត​លើក​ទី​១​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រធាន​សហព័ន្ធ​សង្ឃឹមថា ការប្រកួត​លើក​ក្រោយ​នឹងមាន​ចំនួន​ក្រុម​កើនឡើង កាន់តែច្រើន​ថែមទៀត​។ ឯកឧត្តម ក៏បាន​ចាត់ទុកថា​លទ្ធផល​នៃ​ការប្រកួត​ដែល​បាន​ឆ្លងកាត់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ យើង​សម្រេច​ជោគជ័យ​ល្អ​បែបនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​របស់​យើង​។ ម្យ៉ាងវិញទៀត​គឺជា​ការរួមចំណែក ក្នុងការ​អភិវឌ្ឍ កីឡា​ជាតិ​របស់​យើង ក្នុងនោះ​កីឡាវាយកូនឃ្លីលើតុ បានចាប់ផ្ដើម​ដំណើរការ បោះជំហាន​ទៅមុខ ក៏​ដូច​អ្នក​ទាំងអស់គ្នា​បានឃើញ​ហើយ​។ ហើយ​ម្យ៉ាងវិញទៀត​យើង​ក៏បាន​ឆ្លើយតប ក្រសួង​ផងដែរ ការទទួលខុសត្រូវរ​បស់​រាជរដ្ឋាភិបាលរ​បស់​យើង​កែទម្រង់ និង​ការយកចិត្តទុកដាក់ ចំពោះ​វិស័យ​កីឡា​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ សូម​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ ទី​១. ចំពោះ​កីឡាករ​កីឡាការិនី​ទាំងអស់ អញ្ជើញ​ចូលរួម​ការប្រកួត​លើក​នេះ ដែល​ញុំ​ា​ង​ឲ្យ​កម្មវិធី​ប្រកួត​របស់​យើង មាន​លក្ខណៈ​ផុលផុស​ជាង​លើក​មុន ហើយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រកួតប្រជែង កាន់តែ​មាន​មាន​កម្រិត​ខ្ពស់ជាង​មុន ទី​២. ក៏​សូម​អរគុណ​ចំពោះ ម្ចាស់​ក្លឹប ជា​អ្នកគ្រប់គ្រង​ក្លឹប ប្រធាន​សមាគម​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម ដែល​យើងខ្ញុំ​ចាត់ទុកថា សកម្មភាព​នេះ គឺជា​ការរួមចំណែក ក្នុងការ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡា​ការ​នី យើង​ឲ្យ​ចូលមក​ប្រកួត ក៏ដូចជា​លើកទឹកចិត្ត ដល់​វិស័យ​កីឡាវាយកូនឃ្លីលើតុ របស់​យើង​បានតែ​មានការ​រីកចម្រើន​ថែមទៀត​។ ជាមួយគ្នា​នោះដែរ ឯកឧត្តម ក៏បាន​អរគុណ​ដល់​គណកម្មកា​រទាំង​អស់ ដែល​បានរៀបចំ​ក្នុងការ​ប្រកួត​របស់​យើង រយៈពេល​កន្លងទៅនេះ​។​

​ឯកឧត្តម ប្រធាន​សហព័ន្ធ ក៏បាន​ថ្លែងអំណរគុណ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​
​ជាតិ និង​ជា​ប្រធានកិត្តិយស គណៈកម្មការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​របស់​យើង ជានិច្ចកាល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ តែ​លើកទឹកចិត្ត ដល់​គណៈកម្មការ​សហ​ព័ន្ធ និង​ផ្ដល់ឱកាស ដល់​បទពិសោធន៍ ជាច្រើន​ផងដែរ​។ ឯកឧត្តម បាន​ថ្លែង​អណរ​គុណ​ដល់​សប្បុរជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ការប្រកួត​។​

​ជា​ចុងក្រោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់ ចំពោះ​វិស័យ​កីឡា អភិវឌ្ឍន៍​កីឡា ហើយ​យើងទាំងអស់គ្នា ឃើញថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កីឡា​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ នៅក្នុង​នោះ​ដោយសារ សម្ដេច ទើប​មាន​សន្តិភាព ដោយសារ​សន្តិភាព ទើប​មានការ​អភិវឌ្ឍ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×