Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ គ​.​ជ​.​ប​៖ ការបណ្តុះបណ្តាល​ការងារ​ជំនាញ​ដល់​មន្ត្រី​បោះឆ្នោត​ជា​រឿង​ចាំបាច់ ដែល​ខកខាន​មិនបាន​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​​ស្តីពី​ការបណ្តុះបណ្តាល​ការងារ​ជំនាញ​ដល់​មន្ត្រី​បោះឆ្នោត ជា​រឿង​ចាំបាច់ ដែល​ខកខាន​មិនបាន​។​

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​លទ្ធផល​ល្អប្រសើរ ដោយមាន​ប្រជាពលរដ្ឋ​ចំនួន ២៦៨.៥៥៣​នាក់ ស្មើនឹង ៨៩,៤០% ដែល​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​លើ​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ៣០០.៣៩០​នាក់​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ ការអនុវត្ត​បទបញ្ជា និង​នីតិវិធី​នៅមាន​ភាពខ្វះ​ចន្លោះ​នៅឡើយ​។ ក្នុងន័យនេះ អនុវត្តតាម ផែនការមេ គ​.​ជ​. ប បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ភ្លាម ជូន​ដល់​មន្ត្រីរាជការ គ​.​ជ .​ប និង​មន្ត្រី​លេខាធិការដ្ឋាន រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) នា​ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០ នៅ​សាខា​កាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង​។​

​ក្នុងឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ប្រសិទ្ធភាព​នៃ​ការបណ្តុះបណ្តាល ការអប់រំ ការផ្សព្វផ្សាយ ព័ត៌មាន ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង​ក្នុង​ដំណើរការ​បោះឆ្នោត ” ជូន​មន្ត្រីរាជការ គ​.​ជ​.​ប ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល គ​.​ជ​.​ប បានរៀបចំ​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ គ​.​ជ​.​ប ពិសេស​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត អំពី​ការរៀបចំ ចាត់ចែង ដំណើរការ​បោះឆ្នោត ដើម្បី​ត្រៀម​លក្ខណសម្បត្តិ​ក្នុងការ​ចូលរួម​អនុវត្ត​ការងារ​បោះឆ្នោត​នាពេលខាងមុខ ឱ្យ​ទទួលបាន​ជោគជ័យ​ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី របស់ គ​.​ជ​.​ប ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា នេះ​ជា​ជំហាន ថ្មី​មួយទៀត​ក្នុង​ក្របខ័ណ្ឌ​ការងារ​កែទម្រង់​របស់ គ .​ជ​. ប ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ គ​.​ជ​.​ប ទៅតាម​មុខជំនាញ​ទទួលខុសត្រូវ ដើម្បី​ធានាឱ្យមាន​ប្រសិទ្ធភាព ខ្ពស់​លើ​ការងារ តាមរយៈ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់ ឱ្យ​ទទួលបាន​ចំណេះដឹង ជំនាញ និង​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​អនុវត្ត​ការងារ​ឱ្យទទួល​បាន​ជោគជ័យ ។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា មន្ត្រីរាជការ គ​.​ជ​.​ប ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើ​។ ការគ្រប់គ្រង​ការបោះឆ្នោត គឺជា​ដំណើរ​ការរៀបចំ​ដែលមាន​ភាពស្មុគស្មាញ ទាមទារ​ឱ្យមាន​ធនធាន​គ្រប់គ្រាន់ មាន​មន្ត្រី​ដែលមាន​ជំនាញ​បច្ចេកទេស​យល់ដឹង​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត ក្នុង​ស្ថាប័ន​រៀបចំ ការបោះឆ្នោត ដូចនេះ​ការបណ្តុះបណ្តាល​អំពី​ការងារ​ជំនាញ​ដល់​មន្ត្រី​បោះឆ្នោត​នេះ គឺជា​រឿង​ចាំបាច់ ដែល​ខកខាន​ពុំបាន ។​

​ឯកឧត្តម​បាន​បន្តទៀតថា បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន គ​.​ជ​.​ប ទាំងអស់ នឹង​ពិនិត្យមើល​ឡើងវិញ​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា និង​នីតិវិធី និង​ក្រមសីលធម៌ សម្រាប់​គណបក្សនយោបាយ ដើម្បី​កែសម្រួល​មុននឹង​ឈានទៅដល់​ការដាក់​ជូន​ភាគី​ពាក់ព័ន្ធ​ទាំង ១១ ពិនិត្យ និង​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការងារ​នៅ​ឆ្នាំ​២០២១ ខាងមុខនេះ​។​

​មុន​ប្រកាស​បើក​កម្មវិធី ឯកឧត្តម​អគ្គលេខាធិការ គ​.​ជ​.​ប បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​វគ្គ​បណ្តុះបណ្តាល នាពេលនេះ និង សូម​បន្ត​ចែករំលែក​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ជូន​ដល់​មន្ត្រី​របស់ខ្លួន​ឱ្យបាន យល់ដឹង​អំពី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចូលរួម​អនុវត្ត​ការងារ​ក្នុង​ដំណើរការ​បោះឆ្នោត​ឱ្យបាន​កាន់តែ​ល្អប្រសើរ ជាពិសេស​ត្រូវ​ស្វែងយល់​ពី​ច្បាប់ បទបញ្ជា និង​នីតិវិធី សេចក្តីណែនាំ របស់ គ​.​ជ​.​ប ជា​ទុន​ក្នុងការ​អនុវត្ត​ការងារ​ក្នុងតួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×