ភ្នំពេញ៖ កិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្តដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន នាថ្ងៃនេះបានបញ្ចប់ជាមួយនឹងសេចក្តីសន្និដ្ឋានមួយ ស្តីពីសេចក្តីត្រូវការចាំបាច់បន្ទាន់នូវវិធានការ និងការអនុវត្តសកម្មភាពរួមគ្នាឲ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីសង្គ្រោះសត្វផ្សោតទន្លេមេគង្គពីការផុតពូជ បន្ទាប់ពីអ្ននពាក់ព័ន្ធបានផ្សព្វផ្សាយខ្លឹមសារ នៃរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតក្នុងឆ្នាំ២០២០នេះ។
វិធានការរួមផ្តោតសារសំខាន់ និងភាពចាំបាច់ដែលអ្នកពាក់ព័ន្ធត្រូវលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូរវាងតួអង្គ និងភាគីសំខាន់ៗទាំងអស់សម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ រដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ WWF កាលពីសប្ដាហ៍មុនបានប្រកាសជាផ្លូវការថា សត្វផ្សោតទន្លេមេគង្គបច្ចុប្បន្នមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលព័ត៌មាននេះបានបង្ហាញថាចំនួនសត្វផ្សោតស្ថិតនៅកម្រិតថេរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គិតចាប់តាំងពីរបាយការណ៍នៃជំរឿនសត្វផ្សោតឆ្នាំ២០១៧មក។
សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពជូនដល់ភាគីពាក់ព័ន្ធសំខាន់ៗ ស្ដីអំពីស្ថានភាព និងចំនួនសត្វផ្សោតទន្លេមេគង្គ ដោយផ្អែកលើរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតឆ្នាំ២០២០ ដែលត្រូវអនុវត្ត និងចងក្រងដើម្បីផ្សព្វផ្សាយដោយរដ្ឋបាលជលផល និងអង្គការ WWF។ អ្នកចូលរួមក្នុងកិច្ចប្រជុំនេះមានដូចជាមន្ដ្រីជាន់ខ្ពស់ និងបុគ្គលិកមកពីរដ្ឋបាលជលផល អង្គការ WWF ខណ្ឌរដ្ឋបាលជលផលនិងអាជ្ញាធរខេត្តក្រចេះនិងស្ទឹងត្រែង ព្រមទាំងសហគមន៍មូលដ្ឋាន យុវជន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូនានា។
ក្រៅពីស្តាប់ការបង្ហាញអំពីលទ្ធផលនៃការអភិរក្ស ការចែករំលែកនូវមេរៀននិងបទពិសោធន៍ដែលទទួលបានពីការអភិរក្ស នាពេលកន្លងមក ក៏ដូចជាលើកឡើងនូវគំនិតថ្មីៗសម្រាប់ជាការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងការការពារសត្វផ្សោត ក្នុងកិច្ចប្រជុំនេះគេក៏បានពិភាក្សាផងដែរអំពីតួនាទីរបស់យុវជន និងសហគមន៍មូលដ្ឋានក្នុងការរួមចំណែកដល់ការការពារសត្វផ្សោតទន្លេមេគង្គនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវាឲ្យនៅគង់វង្ស។
មានវត្តមានក្នុងកិច្ចប្រជុំថ្ងៃនេះដែរ កញ្ញា នុត ពិសិដ្ឋរចនា ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖ “ការចូលរួមចំណែកធានាការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាពលរដ្ឋកម្ពុជា។” កញ្ញាជាសមាជិកម្នាក់ក្នុងចំណោមក្រុមយុវជនអេកូយុវទូតចំនួន ១៥ នាក់ ដែលបានធ្វើទស្សនកិច្ចសិក្សានៅក្នុងតំបន់ជម្រកសត្វផ្សោតកាំពី ក្នុងគោលបំណងស្វែងយល់ដោយផ្ទាល់អំពីការអភិរក្សសត្វផ្សោត ស្របពេលដែលពិភពលោកបានកំពុងប្រារព្ធទិវាអន្តរជាតិនៃសត្វផ្សោតទឹកសាបថ្ងៃទី ២៤ ខែតុលា។ ទស្សនកិច្ចសិក្សាដែលត្រូវបានរៀបចំឡើងនិងសម្របសម្រួលដោយអង្គការ WWF ប្រចាំខេត្តក្រចេះ បានបញ្ចប់ហើយនាថ្ងៃនេះ។
កញ្ញាបានបន្ថែមទៀតថា៖ “តាមរយៈការចែករំលែកបន្ត និងផ្សព្វផ្សាយដោយសំណេរតាមប្រព័ន្ធឌីជីថល និងក្នុងក្របខ័ណ្ឌនៃកម្មវិធីឃោសនាផ្សេងទៀត អំពីចំណេះដឹង និងបទពិសោធន៍ដែលយើងខ្ញុំបានស្វែងយល់និងទទួលបានផ្ទាល់ពីដំណើរទស្សនកិច្ចនៅក្នុងតំបន់អភិរក្សសត្វផ្សោត នាងខ្ញុំនិងសមាជិកក្រុមយុវជនទាំងអស់អាចរួមចំណែកដល់ការអភិរក្សសត្វផ្សោត តាមការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន អំពីសារសំខាន់របស់សត្វផ្សោតទន្លេមេគង្គ និងភាពចាំបាច់នៃការការពារសត្វផ្សោតដើម្បីជាតិរបស់យើង និងសម្រាប់ការចូលរួមទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយើង។”
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមយុវជនមានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានទទួលបានបទពិសោធន៍ ដោយផ្ទាល់អំពីការតាមដានការរស់នៅរបស់សត្វផ្សោត ជាពិសេសពេលពួកគេបានឃើញសត្វផ្សោតកំពុងហែលនៅក្នុងទីជម្រកធម្មជាតិដោយសុខសាន្ត។
ក្រុមយុវជនទាំងអស់ពិតជាសប្បាយចិត្តណាស់ដែលបានស្តាប់នូវការពន្យល់ពីមន្ត្រីជំនាញ និងបានសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងជីវសាស្ត្ររបស់សត្វផ្សោត កត្តាគម្រាមកំហែងដល់ការរស់នៅរបស់សត្វផ្សោត តម្រូវការគុណភាពបរិស្ថានល្អចាំបាច់នានាដែលគាំទ្រដល់ការរស់រានរបស់សត្វផ្សោត ក៏ដូចជាអំពីកិច្ចការទាក់ទងនឹងការពង្រឹងការអនុវត្តច្បាប់ដោយរដ្ឋាភិបាល និងអង្គការ WWF។
ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា៖ “ការងារអភិរក្សសត្វផ្សោតត្រូវការការចូលរួមរបស់យើងទាំងអស់គ្នា រួមទាំងយុវជនផងដែរដែលជាអ្នកមានតួនាទីសំខាន់មួយក្នុងការផ្សព្វផ្សាយ និង បញ្ជៀបការយល់ដឹងអំពីការការពារសត្វផ្សោតនៅកម្ពុជា។” ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ “កម្រិតនៃការចូលរួមរបស់យុវជននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ អំពីសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំនេះ បង្ហាញថាយុវជនកម្ពុជាច្រើនឡើងៗបានផ្តោតចំណាប់អារម្មណ៍លើការចូលរួមចំណែកការពារសត្វផ្សោតទន្លេមេគង្គ។”
សត្វផ្សោតទន្លេមេគង្គកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាបញ្ជីអន្តរជាតិថ្នាក់ខ្ពស់បំផុតនៃការចាត់ថ្នាក់ប្រភេទសត្វរងគ្រោះ ហើយសត្វផ្សោតទន្លេមេគង្គជាប្រភេទសត្វ ដែលត្រូវបានការពារយ៉ាងពេញលេញ ដោយច្បាប់ជលផលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សត្វផ្សោតនៅតែបន្ដប្រឈមនឹងគ្រោះថ្នាក់ដោយសារការជាប់មងនេសាទ ការសាងសង់ទំនប់វារីអគ្គីសនីនៅចរន្ដទឹកខាងលើមេគង្គ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់ជាដើម ក្នុងចំណោមកត្តាគំរាមកំហែងចំបងៗផ្សេងទៀត។
លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា៖ “ការអនុវត្តវិធានការអភិរក្សរួមគ្នានាប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកបន្ថយអត្រានៃការធ្លាក់ចុះនៃចំនួនសត្វផ្សោតបានមួយកម្រិត ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាអនុវត្តវិធានការបន្ទាន់បន្ថែមទៀតដើម្បីធានាថាស្ថានភាព និងចំនួនសត្វផ្សោតអាចប្រសើរឡើងបាន។”
ការខិតខំប្រឹងប្រែងក្នុងការអភិរក្សនាពេលកន្លេងមករហូតដល់បច្ចុប្បន្ននេះ អាចដំណើរការទៅបាន ដោយមានការគាំទ្រពី ជំនួយរបស់រដ្ឋាភិបាលប៊ែលហ្ស៊ិក (DGD), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), BMZ, អង្គការ WWF-ប៊ែលហ្ស៊ិក, WWF-សុយអ៊ែត, WWF-ស្វីស, WWF-ហូឡង់, WWF-សិង្ហបុរី, WWF-អាល្លឺម៉ង់, H&M, The King Baudouin Foundation, ស្ថាប័នស្រាវជ្រាវ និងអភិរក្ស Zoo Nuremberg។
រដ្ឋបាលជលផល និងអង្គការ WWF បានប្ដេជ្ញាចិត្តក្នុងការបន្ដសហការជិតស្និទ្ធជាមួយនឹងសហគមន៍មូលដ្ឋាន និងដៃគូរផ្សេងទៀតដើម្បីជម្រុញការខិតខំបន្ថែមរួមគ្នាក្នុងការអនុវត្តអនុសាសន៍នានាដែលបានចែងក្នុងរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតទន្លេមេគង្គឆ្នាំ ២០២០។
អនុសាសន៍ទាំងនោះរួមមានការពង្រឹងការអនុវត្តច្បាប់ជលផល និងការពង្រឹងការហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ ក្នុងតំបន់ការពារជម្រកសត្វផ្សោត ការបន្ដការតាមដាននិងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងការគ្រប់គ្រងតំបន់ “រ៉ាមសារ” ក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សោត៕
ដោយ៖CEN