ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធទាំងអស់ធ្វើរបាយការណ៍ឲ្យបានជាក់លាក់និងជាបន្ទាន់ ដើម្បីស្រង់ទិន្នន័យនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងដំណាក់កាលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ ។ ការជំរុញបែបនេះគឺ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញមានរបាយការណ៍ជាក់លាក់មួយបញ្ជូនទៅក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការសុំថវិកាជាតិយកមកធ្វើការជួសជុលកែវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនេះឲ្យបានល្អប្រសើរឡើងវិញ។
នារសៀលថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យលើការងារតាមវិស័យ ជុំវិញផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀង ព្រមទាំងការចាត់វិធានការក្នុងការថែទាំ និងជួសជុលនូវបណ្តាហេត្ថារចនាសម្ព័ន្ធសាធារណៈនានា ដែលបានទទួលរងការខូចខាត សំដៅធ្វើយ៉ាងណាឱ្យមកប្រក្រតីភាពឡើងវិញ ដូចមុនពេលមានជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាខណ្ឌមួយចំនួនពិសេស ខណ្ឌនៅជាយក្រុងបានទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ លោកស្នើឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងអស់ រួមជាមួយនិងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យនិងធ្វើរបាយការណ៍ឲ្យបានលឿន ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ជូនទៅរាជរដ្ឋាភិបាលក្នុងការសុំថវិកាយកមកធ្វើការជួសជុលកែលម្អ ការខូចខាតនេះឡើងវិញ ពិសេសគឺការកសាងនូវប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងការជួសជុលបណ្ដាលផ្លូវដែលខូចខាតមួយចំនួនផ្សេងទៀត ដើម្បីតភ្ជាប់ឡើងវិញ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយប្រជាកសិករដែលខូចខាតផលស្រូវ ដំណាំរួមផ្សំយើងក៏នឹងត្រូវផ្តល់ជូនពួកគាត់ផងដែរ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្នុងអំឡុងនៃការនៃការលិចលង់ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ បើគ្មានការដឹកនាំនិងចុះបញ្ជាផ្ទាល់ពីលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញទេផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានា និងមានលក្ខណៈធ្ងន់ធ្ងរជាងនេះ តែដោយការខិតខំប្រឹងប្រែងជំរុញពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងរាជធានីភ្នំពេញនេះ ជាមួយនឹងកាយពង្រីកប្រឡាយបង្ហូរទឹកជាដើមបានធ្វើឲ្យផលប៉ះពាលមានលក្ខណៈធូរស្រាល។
លោកបញ្ជាក់ថា ការពង្រីកនៅប្រឡាយបង្ហូរទឹកមានលក្ខណៈធំជាងមុននេះ ក្រោយពីការកាយប្រឡាយនេះហើយ យើងនឹងរក្សាប្រឡាយ ក្នុងទំហំដដែលដោយមិនមាន ការលុបដាក់ប្រព័ន្ធលូតូចទេ សំដៅធ្វើយ៉ាងណា កុំឲ្យមានបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះ លិចលង់នៅឆ្នាំក្រោយៗទៀត៕
ដោយ៖បញ្ញាស័ក្តិ