សៀមរាប៖ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកអាជ្ញាធរមីន និងលទ្ធផលដែលអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនសម្រេចបាននាពេលកន្លងមក និងបានថ្លែងនូវអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
បន្ថែមលើសពីនេះទៀត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដ៏សប្បុរសពីប្រទេសជាមិត្ត ម្ចាស់ជំនួយ និងដៃគូ លើវិស័យមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រុញឲ្យមន្ត្រីបុគ្គលិកទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវ “បុព្វសិទ្ធិ តួនាទី និងការទទួលខុសត្រូវ” របស់ខ្លួន ដែលថ្នាក់ដឹកនាំ ឬស្ថាប័ន ប្រគល់ជូន ដែលគោលដៅនិងបេសកកម្មចម្បងរបស់មន្ត្រីរាជការ គឺត្រូវចូលរួមចំណែក និងបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំនូវគោលការណ៍ចំនួន ១០ចំណុច ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនទាំងអស់ ដូចខាងក្រោម៖
១. បន្តអនុវត្តឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឈានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥។
២. បន្តស្វែងរកការគាំទ្រ និងកិច្ចសហការជាមួយអង្គការ GICHD អង្គការ NPA ក៏ដូចជាអ្នកពាក់ព័ន្ធដ៏ទៃទៀតដើម្បីធានាឲ្យប្រព័ន្ធទិន្នន័យមីន មានលក្ខណៈពេញលេញ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងការវិភាគនានា និងត្រូវរៀបចំសេចក្តីណែនាំដល់ប្រតិបត្តិករ ដោយបញ្ជាក់អំពីតម្រូវការចាំបាច់នូវការបញ្ជូនទិន្នន័យឲ្យទាន់ពេលវេលា និងធានាបាននូវគុណភាពនៃទិន្នន័យទាំងនោះ។
៣. បន្តជំរុញ និងលើកកម្ពស់នូវការងារបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ក៏ដូចជាកិច្ចការងារជួយសង្គ្រោះជនពិការដោយសារមីន ឲ្យបានខ្លាំងក្លាបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
៤. ត្រូវរៀបចំផែនការសកម្មភាពវិស័យមីន រយៈពេល៣ឆ្នាំ ២០២១-២០២៣ ក៏ដូចជាសេចក្តីណែនាំស្តីពីភូមិអស់ការគម្រាបដោយសារមីន ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន ២០១៨-២០២៥ បានសម្រេចជោគជ័យដូចការរំពឹងទុក។
៥. ត្រូវបន្តខិតខំរិះរកវិធីសាស្ត្រ បន្ថែមកម្លាំងអ្នកដោះមីនមនុស្សធម៌។
៦. ត្រូវស្វែងរកកិច្ចសហការបន្ថែមទៀតជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីដោះស្រាយការងារបោសសម្អាតមីនតាមព្រំដែនឲ្យបានឆាប់រហ័ស។
៧. ត្រូវស្វែងរកការគាំទ្រទាំងថវិកានិងបច្ចេកទេសពីម្ចាស់ជំនួយនានា ដើម្បីអនុវត្តឲ្យបានជោគជ័យលើគម្រោងផ្ទៀងផ្ទាត់ទិន្នន័យ និងការស្រាវជ្រាវឡើងវិញ។
៨. ត្រូវជំរុញការបង្កើតបណ្ណាល័យនៅអាជ្ញាធរមីនឲ្យបានឆាប់រួចរាល់ ដើម្បីដាក់ឲ្យមន្ត្រី បុគ្គលិកបានសិក្សា និងទទួលបានចំណេះដឹងទូលំទូលាយបន្ថែមទៀត លើវិស័យសកម្មភាពមីន។
៩. ត្រូវរៀបចំឲ្យមានជាសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាល ដើម្បីផ្តល់ភាពងាយស្រួលដល់ការបំពេញការងារប្រចាំថ្ងៃ។
១០. ត្រូវតម្រង់ទិសក្នុងការបំពេញការងារតាមនាយកដ្ឋាន និងតាមផ្នែកនីមួយៗ ដើម្បីធានាបាននូវលំហូការងារប្រកបទៅដោយតម្លាភាព និងប្រសិទ្ធភាព៕ដោយ៖បញ្ញាស័ក្តិ