Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជ្រើសរើស​មេដឹកនាំ របៀប​សិង្ហ​បុរី អ្នកដឹកនាំ​ត្រូវមាន “​ចក្ខុវិស័យ​ឧទ្ធម្ភាគចក្រ​”

“​ចក្ខុវិស័យ​ឧទ្ធម្ភាគចក្រ​” មានន័យ​ថា​ មេដឹកនាំ​ត្រូវ​សម្លឹង​ឃើញ​ឲ្យបាន​ឆ្ងាយ ដោយ​រំលង​ចោល​នូវ “​ភាព​រំខាន នយោបាយ​ក្នុង​រយៈពេល​ខ្លី ដើម្បី​ផ្តោត​សំដៅ​ធ្វើ​អ្វីៗ​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេសជាតិ ក្នុង​មុំ​វែងឆ្ងាយ និង​ម៉ាក្រូ​។​

​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់ -​អ​តីតី​នាយករដ្ឋមន្ត្រី Goh Chok Tong (ឆ្វេង) កំពុង​សន្ទនា​ជាមួយ​សមាជិក​ចូលរួម​កម្មវិធី​មេដឹកនាំ​សង្គម​វ័យក្មេង​របស់​សិង្ហ​បុរី នា​ខែ​កញ្ញា ២០១៧ ។​

​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​វិធីសាស្ត្រ​ជ្រើសរើស​របៀប​ប្រមាញ់​រក​បញ្ញាជន​ដែល​មាន​ទេព្យកោសល្យ និង​សីលធម៌ ហាក់​បង្ហាញ​ប្រសិទ្ធភាព​ធំធេង​ចំពោះ​សិង្ហ​បុរី ទោះបីជា​វា​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ពុំ​អាច​ចៀសវាង​បាន​ចំពោះ​គ្រប់​ប្រព័ន្ធ​នយោបាយ​។​

​ឧទាហរណ៍​ក្នុង​អតីតកាល​រដ្ឋមន្ត្រី​មួយចំនួន​ត្រូវបាន​រកឃើញ​ថា ត្រូវ​ពុករលួយ ហើយ​ពួកគេ​ក៏​ត្រូវបាន​ដកហូត​ដំណែង រត់គេចខ្លួន ឬ​ធ្វើ​អត្តឃាត​។ ប្រការ​នេះ​មានន័យ​ថា ដំណើរការ​ជ្រើស​សំរាំង​ពុំទាន់​បាន​សុ​ក្រិត​នៅឡើយ​ទេ​។​

​ប៉ុន្តែ​គុណសម្បត្តិ​នៃ​ប្រព័ន្ធ​នេះ គឺ​យ៉ាងតិច​ពួក​មន្ត្រី​ពុករលួយ​ចុង​ក្រោយ​នឹង​ត្រូវ​បាន​គេ​រកឃើញ ហើយ​ត្រូវ​តបស្នង​ចំពោះ​កំហុស​របស់​ខ្លួន​។​

​ជាក់ស្តែង​ពិតជា​ពិបាក​ស្រូប​ទាញ​នូវ​បេក្ខភាព​អ្នកដឹកនាំ​ដែល​ស្អាត​បរិសុទ្ធ​ដូចជា​ក្រដាស​ស ប៉ុន្តែ​ពុំ​មែន​វា​គ្មាន​មនុស្ស​ដែល​គ្រប់​លក្ខណៈសម្បត្តិ​នោះទេ បញ្ហា​ស្ថិត​ត្រង់​ការរក្សា​បាន​ភាព​ស្អាត​បរិសុទ្ធ​គឺ​ជា​សម្ពាធ​ដ៏​ខ្លាំង​មួយ ខណៈពេល​ដែល​គេ​ក្លាយជា​បុគ្គល​របស់​មហាជន​។​

​សម្ពាធ​ចំពោះ​បុគ្គល​របស់ “​មហាជន​” ជា​អ្វី​? មនុស្ស​តិចតួច​ណាស់​ដែល​ចង់ឲ្យ​ជីវិត​ឯកជន​របស់​ខ្លួន​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ជិតដិត ហើយ​ពុំ​មែន​ជា​ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋាភិបាល​ទេ វា​ជា​កែវភ្នែក​របស់​មហាជន​។ ក្នុង​យុគ្គសម័យ​ព័ត៌មាន សង្គម​បច្ចុប្បន្ន​ការរក្សាបាន “​ភាព​ស្អាតស្អំ​” តាំង​ពី​សីលធម៌​បុគ្គល រហូតដល់​កាយវិការ​ទង្វើ​នីមួយៗ ពិត​ណាស់​វា​ជា​ការ​ប្រឈម​យ៉ាង​ខ្លាំងក្លា​ចំពោះ​មនុស្ស​គ្រប់រូប​។​

​បៀវត្សរ៍​របស់​មន្ត្រី​នៅ​សិង្ហ​បុរី​ខ្ពស់​ខ្លាំងណាស់ ប៉ុន្តែ​ប្រាក់បៀវត្សរ៍​នេះ​ទាមទារ​ឲ្យ​រដ្ឋ​មន្ត្រី​ទាំងនោះ​ពលិកម្ម​ភាព​ឯកជន​របស់​ខ្លួន​ត្រូវ​រ៉ាប់រង​ភារកិច្ច​ច្រើន​ផ្នែក ធ្វើការ​មិន​ថា ថ្ងៃ​ឬ​យប់ និង​ពុំ​ចេះ​នឿយហត់​។​

​ចំណោទ​ទី​២ គឺ​បញ្ហា​ប្រឡោះ “​សំណាញ់​” ពិតជា​តូចចង្អៀត ខណៈពេល​ដែល​មន្ត្រី​ល្អ​ពិតជា​ពិបាក​រក​។ ទន្ទឹម​នោះ​ប្រព័ន្ធ​នយោបាយ​បាន​បញ្ជាក់​ប្រាប់​ទុកជាមុន​ថា ប្រសិនបើ​រដ្ឋាភិបាល​ដឹកនាំ​មិនល្អ នោះ​ពួកគេ​នឹង​ត្រូវ​មហាជន​ទាត់ចោល នៅ​អណត្តិ​ក្រោយ ។​

​នៅ​ប្រទេស​លោកខាងលិច​មួយចំនួន ពិសេស​អូស្ត្រាលី អង់គ្លេស និង​អាមេរិក ម្ចាស់​សន្លឹកឆ្នោត​ច្រើន​ធុញ​ទ្រាន់ ពេល​ឃើញ​មុខ​មេដឹកនាំ​ដដែលៗ ដែល​ក្តោប​ក្តាប់​អំណាច​ជាង​២ អណត្តិ ហើយ​គ្រានោះ​ពួកគេ​នឹង​បោះឆ្នោត​សម្រាប់​ការផ្លាស់ប្តូរ​។ ប៉ុន្តែ​នៅ​សិង្ហ​បុរី ផ្ទុយស្រឡះ​ពី​នេះ​ម្ចាស់​ឆ្នោត​បាន​ទម្លាប់​បោះឆ្នោតឲ្យប​ក្ស​ប្រជាជ​នសកម្មភាព (PHP) ព្រោះតែ​បក្ស​នេះ​តែង​យកចិត្តទុកដាក់​ក្នុងការ​បំពាក់បំប៉ន​ក​សាង​ធនធានមនុស្ស​សម្រាប់​បន្ត​វេន ទោះបីជា​គណបក្ស​នយោបាយ​ប្រឆាំង​ដទៃទៀត តែង​បង្ក​សម្ពាធ​មិនធម្មតា​ឡើយ គិត​ចាប់តាំងពី​ឆ្នាំ ១៩៨៤​កន្លងមក​។​

​ម្យ៉ាង​ទៀត​ព្រោះ​ថា រដ្ឋាភិបាល​របស់ PHP មាន​ប្រវត្តិ​គ្រប់គ្រង​ដឹកនាំ​ល្អ​គួរសម ហើយ​ពួកគេ​តែង​ត្រៀម​ជា​ស្រេច​ដើម្បី​បម្រែបម្រួល​ខ្លួន​ឲ្យ​សមស្រប​តាម​ស្ថានការណ៍ និង​បំណងប្រាថ្នា​របស់​ម្ចាស់ឆ្នោត​។ ដូច្នេះ​ការបោះ​ឆ្នោត​ឲ្យ PHP គឺជា​ជម្រើស​សុវត្ថិភាព​មួយ​។ ម្ចាស់ឆ្នោត​សិង្ហ​បុរី ក៏​តែង​ទទួលបាន​ព័ត៌មាន និង​យល់​ច្បាស់​ពី​ប្រព័ន្ធ​សម្រិត​សម្រាំង​មេដឹកនាំ​ដ៏​តឹងតែង​របស់ PHP ហើយ​ពួកគេ​គាំទ្រ​បញ្ហា​នេះ​។​

​របៀប​ធ្វើ​របស់ PHP ក៏​មានន័យថា រដ្ឋាភិបាល​ច្រើន​ជ្រើសរើស​នូវ​បេក្ខភាព​មួយចំនួន​ដែល​ពួកគេ​បាន​បណ្តុះបណ្តាល និង​យល់​ច្បាស់ ជាអាទិ៍​មេដឹកនាំ​យោធា ស្ថាប័នរដ្ឋ​…​។​ល​។ ដែល​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​មហាជន​ឃើញ​។​

​បណ្តា​បេក្ខភាព​ត្រូវបាន​ចាត់ទុក​ថា ជា​អ្នក​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​សិង្ហបុរី (​ពីឆ្វេង​ទៅ​ស្តាំ​) ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Heng Swee Keat, រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក Chan Chun Sing, និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក Ye Kung

ជ្រើសរើស​មនុស្ស​មាន​ទេពកោសល្យ​តាមរយៈ​ចក្ខុវិស័យ​របស់​ពួកគេ ៖

​បទពិសោធ​បង្ហាញថា PHP នឹង​ចាប់ផ្តើម “​បង់​សំណាញ់​” ក្នុង​រង្វង់​មនុស្ស​ដែល​គេ​បាន​យល់ដឹង​ជាបឋម​។ រដ្ឋាភិបាល​ជឿជាក់​ជាមួយ​វិធីសាស្ត្រ​នេះ ព្រោះថា បណ្តា​មេដឹកនាំ “​សក្តានុពល​” ដែល​ត្រូវបាន​គេ​ឃ្លាំមើល​តាំង​ពី​ពួកគេ​នៅ​ក្មេង​ម្លេះ មនុស្ស​ភាគច្រើន​ក្នុង​នោះ សុទ្ធសឹង​ទទួលបាន​អាហារូបករណ៍​ដ៏​មាន​តម្លៃ​របស់​រដ្ឋាភិបាល ជាអាទិ៍​អាហារ​រូបករណ៍​ប្រធានាធិបតី​ឬ​អាហារូបករណ៍​សិក្សា​បរ​ទេស SAF។​

​អ្នក​រិះគន់​មួយចំនួន​បាន​ស្តីបន្ទោស​របៀប​ធ្វើ​នេះ​របស់​សិង្ហ​បុរី ព្រោះថា បែប​នេះ​នឹង​បង្កើតឡើង​នូវ​ក្រុមមនុស្ស​ដែល​មាន​របៀប​ពិចារណា​ស្រដៀង​គ្នា ជាហេតុ​លំបាក​សម្រាប់​រដ្ឋាភិបាល​ផ្លាស់ប្តូរ​គោលនយោបាយ​មួយ​នា​គ្រា​ចាំបាច់​បាន​ទាន់ពេលវេលា ពិសេស​សារធាតុ​របស់​កងទ័ព និង​រដ្ឋ​របស់​ប្រទេស​នេះ លំអៀង​តាម​ជម្រើស​សុវត្ថិភាព​។​

​យ៉ាងនេះ​ក្តី​ឆ្លងកាត់​ជំនា​ន់​មេដឹកនាំ​ផ្សេងៗ​គ្នា សិង្ហ​បុរី​បាន​បង្ហាញឲ្យឃើញ​ពី​សមត្ថ​ភាព​ដឹកនាំ​ការកែទម្រ​ង់​ខឿនសេដ្ឋកិច្ច និង​សង្គម​រៀង​រាល់​ពេល​ដែល​មានកា​រ​ប្រឈម​នឹង​បញ្ហា​សកលភាវូបនីយកម្ម​។​

​ជាក់ស្តែង​ជាងនេះទៀត PHP ចាប់បង្ខំ​ឲ្យ​បណ្តា​បេក្ខភាព​មេដឹកនាំ ក្រៅ​ពី​លក្ខណៈវិនិឆ័យ​លើ​ផ្នែក​សីលធម៌​ចាំបាច់​ត្រូវមាន គុណភាព​មួយទៀត​ដែល​គេ​ហៅថា “​ចក្ខុវិស័យ​ឧទ្ធម្ភាគចក្រ​” រួម​ជាមួយ​សមត្ថភាព​រៀបចំ​ផែនការ​ចាត់តាំង​ដឹកនាំ​ផែនការ​នោះ​។​

“​ចក្ខុវិស័យ​ឧទ្ធម្ភាគចក្រ​” មានន័យ​ថា​សមត្ថភាព សម្លឹង​បាន​វែងឆ្ងាយ ឃើញ​បាន​ទូលំទូលាយ វាយតម្លៃ និង​ដោះស្រាយ​បញ្ហា ចាក​ផុត​ពី​គំនួ​ចនៃ​កល​យុគ​នយោបាយ​។ គេ​អាច​និយាយ​ម្យ៉ាងទៀត​ថា បណ្តា​មេដឹកនាំ​ត្រូវ​មើល​ឲ្យបាន​ឆ្ងាយ​ជាង ឬ​រំលង​ផុត​នូវ​ភាព​វក់វី​នយោបាយ​រយៈ​ពេល​ខ្លី ដើម្បី​បាញ់​ឆ្ពោះទៅ​រក​អ្វី​ដែល​ប្រសើរ​បំផុត​សម្រាប់​ប្រទេសជាតិ​លើ​ជ្រុង​យូរអង្វែង និង​ម៉ាក្រូ​។​

ដំណើរ​ហោះហើរ​រួម និង​សំណុំ​ចងចាំ​តែមួយ ៖

​លោក លី ក្វាង​ដឺ​ល ធ្លាប់​មានប្រសាសន៍ថា ៖ មេដឹកនាំ​កំពូលៗ​ទាំងអស់​របស់​សិង្ហ​បុរី រួម​មាន​មេដឹកនាំ​នយោបាយ រដ្ឋាភិបាល សង្គម និង​អ្នកជំនួញ មាន​ប្រមាណ ២០០​នាក់ អាច​ផ្ទុក​លើ​យន្តហោះ​រួមមួយ ហើយ​ឯកសារ​នៃ​ជីវិត​របស់​ពួកគេ​ក៏​អាច​ដាក់​ក្នុង​សំណុំ​ចងចាំ​តែមួយ​ដែរ​។​

​ប្រសិនបើ​ដំណើរ​ហោះហើរ ត្រូវបាន​បញ្ចប់​ដោយ​គ្រោះថ្នាក់​នោះ សិង្ហ​បុរី​ចាត់ទុកថា ចប់​ស្រេចបាច់​ហើយ ព្រោះ​ពុំ​មាន​នរណា​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ទៀត​។​

លុត​ដំ​ក្នុង​បរិស្ថាន​កងទ័ព ៖

​ច្រើន​ឆ្នាំ​មុន លោក លី ក្វាង​ដឺ​ល ធ្លាប់​ពោលថា “​ជា​មេ (​ដឹកនាំ​) នោះ​ត្រូវតែ​ជា​ដែក​ថែម​ត្រូវបាន​លុត​រួច ពុំនោះសោត​ទេ (​គេ​) គប្បី​ចៀស​ចេញ​ភ្លាម​”​។​

​នេះ​ក៏​ជា​មូលហេតុ​មួយ​បង្ហាញ​ថា ហេតុ​អ្វី​កងទ័ព​សិង្ហ​បុរី​តែង​ជា​ទីកន្លែង​មួយ​ត្រូវ​បាន​រដ្ឋាភិបាល ធ្វើ​ការវាយតម្លៃ​លើ​បេក្ខភាព​ជា​មេដឹកនាំ គ្រា​ដែល​ទាហាន​ម្នាក់​នោះ​ទើប​ចាប់ផ្តើម​បុព្វហេតុ ការសាកល្បង​របស់​ពួកគេ​អំឡុង​ពី ១-២​ទសវត្សរ៍ ដោយ​វិធី​ផ្ទេរ​ប្តូរ​មុខងារ តួនាទី ដោយឡែកៗ​ពីគ្នា និង​ពោរពេញ​ដោយ​សម្ពាធ​ការងារ​យ៉ាង​ខ្លាំង​។​

​អ្នក​ដែល​ទទួលបាន​ជោគជ័យ​នឹង​ក្លាយ​ជា​បេក្ខភាព​សក្តានុពល សម្រាប់​មុខងារ​ជា​រដ្ឋមន្ត្រី​នៅក្នុង​ក្រសួង​សំខាន់ៗ​។

​ចំណុច​ខ្វះខាត​គួរឲ្យ​កត់សម្គាល់​ក្នុងដំណើរការ​ជ្រើសរើ​ស​អ្នក​ដឹកនាំ​របស់​សិង្ហ​បុរី គឺ​បញ្ហា​សង្កត់ធ្ងន់​លើ “​សារធាតុ​យក​បច្ចេកទេស​ជា​កត្តា​គ្រប់គ្រង​”​។​

​គណបក្ស​នយោបាយ​មួយ​ដែល​ឈ្នះឆ្នោត​ពុំមែន​ពឹងពាក់​តែ​លើ​មេដឹកនាំ​លើ​សមត្ថភាព និង​មាន​កម្លាំង​ទាក់ទាញ​ប៉ុណ្ណោះ​ទេ អ្នក​នោះ​ត្រូវ​ចេះ​បញ្ជូន​សារ​ធ្វើឲ្យ​អ្នក​ដទៃ​ចង់​ស្តាប់ និង​គាំទ្រ​ពួកគេ​ក្នុង​អំឡុង​ដណ្តើម​សន្លឹកឆ្នោត ក៏ដូចជា​អំឡុង​ពេល​ដែល​រ៉ាប់រង​មុខតំណែង​។​

​ក្រុម​មេដឹកនាំ PHP ច្រើនរ​អ៊ូ​ពី​អ្នក​ដែល​ត្រូវ​បាន​ឈរឈ្មោះ​ច្រើនតែ “​លោតឆ័ត្រ​” ចុះ​ទៅ​កាន់​តំបន់​មួយ​ក្នុង​អំឡុងពេល​យ៉ាង​ខ្លី​មុន​ពេល​បោះឆ្នោត ហេតុនេះ​ពុំ​មាន​បទពិសោធន៍​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ម្ចាស់​ឆ្នោត ហើយ​ម្ចាស់​ឆ្នោត​ក៏​ពុំ​ដឹង​បេក្ខភាព​នេះ​ជា​នរណា​ផង​។​

​បេក្ខភាព​មួយចំនួន​ត្រូវបាន​វាយតម្លៃ​ថា ពុំ​អាច​ផ្សាភ្ជាប់​បាន​ជាមួយ​ពលរដ្ឋ ព្រោះតែ​ពួកគេ​បំពេញ​ការងារ​បច្ចេកទេស​ជាន់ខ្ពស់​នៅ​មុន​ពេល​បោះ​ជំហាន​ចូល​ឆាកនយោបាយ​។​

​អាច​និយាយ​ម្យ៉ាងទៀត​ថា ប្រសិនបើ​ការងារ​គ្រប់គ្រង​ត្រូវ​ទេពកោសល្យ​ដឹកនាំ​និង​ចក្ខុវិស័យ​វែងឆ្ងាយ​នោះ​ក្នុង​ការងារ​នយោបាយ​បោះឆ្នោត​ទាមទារ​ឲ្យ​បេក្ខភាព​ទាំងឡាយ​ត្រូវ​ចាប់​ដៃ​ជាមួយ​បាតដៃ​ទាំងអស់ ទោះបី​វា​គគ្រិច​ប្រឡាក់ប្រឡូស​យ៉ាងណា ត្រូវ​ចេះ​លេង​លួងលោម​ក្មេងៗ ពេល​បេក្ខភាព​នោះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ម្ចាស់ឆ្នោត ត្រូវមាន​វត្តមាន​ភ្លាមៗ​ដើម្បី​ជួយ​ប្រជាជន​ដោះស្រាយ​រឿងរ៉ាវ​កំប៉ិកកំប៉ុក​ទាំងឡាយ​នៅ​មូលដ្ឋាន ត្រូវ​បង្ហាញឲ្យឃើញ​លទ្ធផល​ការងារ​គ្រប់​ទាំងឡាយ ទោះបី​សហគមន៍​មួយ​តូចក្តី ។​ល​។ ការទាមទារ​នេះ ធ្វើឲ្យ​តំណាងរាស្ត្រ​ម្នាក់​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ទោះបី​នៅ​ចុង​សប្តាហ៍​គេ​ពុំ​បាន​សម្រាក​ក្តី សុខចិត្ត​ពលិកម្ម​ជីវភាព​គ្រួសារ និង​សេរីភាព​ឯ​កជនក្តី ជាក់ស្តែង​ពុំ​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បំពេញ​បាន​ការងារ​ទាំង​អស់​នោះ​ទេ​។​

​សរុបសេចក្តី​មក​វិញ​នោះ ដំណើរការ​ជ្រើសរើស​មេ​ដឹកនាំ​អនាគត​របស់ PHP មាន​លក្ខណៈ​ពិសេស និង​ដោយឡែក​បែប​សិង្ហ​បុរី​។​

​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​គណបក្ស​នេះ ពួកគេ​តែង​មាន​មោទនភាព​ថា ខ្លួន​មាន​គ្រិះ​នយោបាយ និង​ការគ្រប់គ្រង​ស្អាតស្អំ មេដឹកនាំ​ទាំងឡាយ​របស់​គណបក្ស​នេះ​ត្រូវបាន​សម្រិតសម្រាំង​អស់កាល​ច្រើន​ទសវត្សរ៍ ទើប​ធ្វើ​ការតែងតាំង ហេតុ​នេះ​ពួកគេ​ស្គាល់​ច្បាស់ ហើយ​អាច​រកឃើញ​ភ្លាម ប្រសិនបើ​បុគ្គល​នោះ បង្ហាញ​ឡើង​នូវ​ការ “​ប្តូរ​ធាតុ​” ។​

​ដូចជា​មនុស្ស​ច្រើន​ធ្លាប់បាន​និយាយ ការត្រៀម​បំរុង​ទុក​ជា​ជំហាន នាំ​ទៅ​កាន់​ជោគជ័យ ពលរដ្ឋ​សិង្ហ​បុរី​ជឿថា ប្រសិនបើ​អ្នក​ពុំ​រៀបចំ​ផែនការ ត្រៀម​ទុក​ម៉ត់ចត់​សម្រាប់​អនាគត នោះ​មានន័យ​ថា អ្នក​បាន​រៀបចំ​ផែនការ​មួយ​សម្រាប់ ការបរាជ័យ​៕ សូ​យ​ន​

×