ភ្នំពេញ៖ សម្ដេចហេងសំរិនប្រធានរដ្ឋសភាបានសរសេរសារនៅលើហ្វេសប៊ុកថា សូមបងប្អូនជនរួមជាតិ សប្បាយរីករាយនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។
សម្ដេចប្រធានរដ្ឋសភាបានលើកទៀតហើយ ទោះបីព្រះរាជពិធីអុំទូក ត្រូវរាជរដ្ឋាភិបាលសម្រេចមិនរៀបចំធ្វើនៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ១៩ យ៉ាងណាក្តី តែនៅតាមខេត្ត ក្រុងនានា បានប្រារព្ធពិធីការប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំណែក នៅតាមវត្តអារាម និងគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានរៀបចំពិធី អកអំបុក យ៉ាងសប្បាយរីករាយ តាមទំនៀបទម្លាប់ប្រពៃណីជាតិរបស់យើង។
ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងឱកាសឈប់សម្រាកពីការងារដូច្នេះ បងប្អូនជនរួមជាតិ បានជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត បានយ៉ាងសប្បាយរីករាយនៅតាមរមណីយដ្ឋាននានា ទូទាំងប្រទេស។
ទន្ទឹមនឹងនោះសហគមន៍ទេសចរណ៍ រមណីដ្ឋាននានា បានកំពុងរៀបចំកែលម្អឱ្យកាន់តែប្រសើរឡើង ក្នុងការត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលក្រោយវិបត្តិកូវីដ១៩ បញ្ចប់ផងដែរ។
សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ខណៈដែលប្រទេសជិតខាង និងពិភពលោក កំពុងបន្តរាតត្បាតដោយជំងឺ ពុំទាន់មានថ្មាំព្យាបាលនេះនៅឡើយទេ។
សូមបងប្អូនជនរួមជាតិជួបតែសុខសុវត្ថិភាព នៅក្នុងការធ្វើដំណើរកម្សាន្ត ទាំងពេលទៅនិងពេលអញ្ជើញត្រឡប់មកវិញ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ៕ ដោយ៖បញ្ញាស័ក្តិ