ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី៧ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព»។ សម្តេច បានថ្លែងថា ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ជនគ្រប់រូប គឺជាកត្តាមិន អាចខ្វះបាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើនវិនិយោគលើវិស័យកសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាតនិងអនាម័យ គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា។
នេះបើតាមសារលិខិតថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ទិវាជាតិអាហារូបត្ថម្ភឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព ក្នុងពេលដែលប្រព័ន្ធស្បៀងកំពុងទទួលរងផលប៉ះពាល់ដោយទឹកជំនន់ និងការរំខានដោយការរាតត្បាតជាសកលនៃជំងឺកូវីដ -១៩។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានគ្រប់គ្រង សភាពការណ៍ជំងឺកូវីដ-១៩ បានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យកម្ពុជាមិនមានការឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍។ ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩ នេះ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារ ដែលប្រទេសមួយចំនួនក្នុងពិភពលោកបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាស នេះដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងវិស័យកសិកម្ម និង ឧស្សាហកម្មផ្នែកចំណីអាហារធ្វើជាមូលដ្ឋាននៃការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផល កសិកម្មនិងស្បៀងអាហារប្រកបដោយគុណភាពនិងសុវត្ថិភាព ទៅទីផ្សារក្នុងតំបន់និងពិភពលោកទៀតផង។ ដោយឡែកជំនន់ទឹកភ្លៀងឆ្នាំ២០២០ នេះ ថ្វីត្បិតតែបានបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ថាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ដីស្រែចម្ការ ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាជន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រើប្រាស់នូវមធ្យោបាយសរុប កម្លាំងសរុប និងវិធានការសរុប ដើម្បីការពារអាយុជីវិតប្រជាជន សុវត្ថិភាព សុខភាព និងធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភជូនប្រជាជន ដូចដែល រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់អនុវត្តជាប្រចាំនោះគឺ “ រាជរដ្ឋាភិបាលនឹងមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយអត់បាយ ដោយ យើងមិនបានដឹងនោះទេ”។
ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកដូចបច្ចុប្បន្ននេះ ទាំងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ផង និង គ្រោះទឹកជំនន់ផង ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាពកាន់តែមានសារសំខាន់ ដែលតម្រូវឱ្យ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែរឹងមាំ មានភាពធន់នឹងបម្រែ បម្រួលអាកាសធាតុ និងមាននិរន្តរភាព ដើម្បីផលិតអាហារសុខភាពសម្រាប់ប្រជាជនកម្ពុជា។ ឈរលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា បានធ្វើឱ្យប្រជាជនផ្តាស់ប្តូររបៀបរស់នៅនិងឥរិយាបថក្នុងការបរិភោគ ចំណីអាហារ ដែលការផ្លាស់ប្តូរទាំងនេះមានឥទ្ធិពលជាវិជ្ជមានលើស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជន។ ខណៈ ពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ និងបញ្ហាថយចុះអត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ បញ្ហាធាត់និងលើសទម្ងន់ក៏មាននិន្នាការ កើនឡើងដែរ។ របបអាហារមិនល្អនិងការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់ គឺជាកត្តាហានិភ័យនៃបញ្ហាសុខភាព សាធារណៈ និងធ្វើឱ្យបាត់បង់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺគ្រប់ប្រភេទ។ ការទទួលទានអាហារដែល មានថាមពលខ្ពស់ ជាតិខ្លាញ់ ស្ករ ឬ អំបិលច្រើន និងបរិភោគបន្លែផ្លែឈើមិនបានគ្រប់គ្រាន់ គឺជាហេតុផល ចម្បងបណ្តាលឱ្យមានជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកជាដើម។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវផ្លាស់ប្តូររបៀបផលិត របៀបកែច្នៃ របៀបធ្វើអាជីវកម្ម និងរបៀបបរិភោគអាហារនិងការរស់នៅ ដើម្បីពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព ឲ្យកាន់តែរឹងមាំប្រកបដោយនិរន្តរភាព។
ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ជនគ្រប់រូប គឺជាកត្តាមិន អាចខ្វះបាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើនវិនិយោគលើវិស័យកសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាតនិងអនាម័យ គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមាន ផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេល ជំងឺកូវីដ-១៩ និងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក៏បានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩ -២០២៣ និងបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិង អាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងបានចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង ពិភពលោក ដូចជាការដាក់ចេញសេចក្តីថ្លែងការណ៍រួមស្តីពីអាហារូបត្ថម្ភក្នុងបរិបទនៃការរាតត្បាតជាសកលនៃ ជំងឺកូវីដ-១៩ ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក និងការអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពី
ការកាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ទន្ទឹមនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានាជាច្រើន រួមចំណែកលើក កម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដូចជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អនក្រ.បក ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ , អនុក្រឹត្យលេខ១៣៣ , គោលនយោបាយជាតិស្តីពីការ ចិញ្ចឹមទារកនិងកុមារ, ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ និងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ។ល។
ក្នុងឱកាសនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី៧ នេះ សម្តេចតេជោ អំពាវនាវដល់ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជា ពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និងអនុវត្តសកម្មភាពរបស់ខ្លួនតទៅទៀត ដើម្បីលើកកម្ពស់ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ តាមរយៈការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព សំដៅរួមចំណែក លើកកម្ពស់សុខភាព ជីវភាពរស់នៅ និងធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារ ដូចខាងក្រោម៖
ទី១- ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ និងដាំដំណាំបន្លែ ផ្លែឈើចម្រុះ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។
ទី២- ត្រូវចាប់យកឱកាស ថ្មីៗសម្រាប់បង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្ម តាមរយៈការបង្កើនគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភលើផលិតផលស្បៀងអាហារ ដើម្បីលើកកម្ពស់អាហារសុខភាព និង ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបរិភោគអាហារចម្រុះមុខ រួមមាន៖ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អ។
ទី៣- ត្រូវបន្តឆ្លើយតបជួយជនក្រីក្រ និងជនងាយរងគ្រោះ ឱ្យទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ប្រកបដោយសមធម៌ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំនួយសង្គម។
ទី៤- ត្រូវបន្តជំរុញពង្រឹងការអនុវត្តលើតម្រូវការការប្រើប្រាស់ស្លាកសញ្ញាសម្គាល់ផលិតផល និងព័ត៌មាន អាហារូបត្ថម្ភជាអក្សរខ្មែរលើគ្រប់មុខទំនិញ ដើម្បីជួយឱ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសអាហារសុខភាព ជាពិសេសលើផលិតផលម្សៅទឹកដោះគោផ្សំតាមរូបមន្ត និងត្រូវបន្តលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុពី០ -៦ ខែ។
ទី៥- ត្រូវជំរុញការចូលរួមរបស់យុវជនក្នុងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងលើកកម្ពស់ការអប់រំ អាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ ដូចជាការទម្លាក់ព្រូន ការត្រួតពិនិត្យសុខភាព អនាម័យ និងការប្រឹក្សាយោបល់ស្តីពីសុវត្ថិភាពចំណីអាហារនៅតាមសាលារៀនជាដើម។
ទី៦- ត្រូវចលនាឱ្យយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះ បែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងទៀតក្នុង កម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព។
ទី៧ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាគ្រប់រូបត្រូវបរិភោគរបបអាហារសុខភាព ជាពិសេសបន្ថែនិងផ្លែឈើ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយឱ្យបានរឹងមាំ និងត្រូវរៀបចំចម្អិននិង បរិភោគអាហារនៅកន្លែងដែលមានបរិស្ថានស្អាត ត្រូវពាក់ម៉ាស់ និងលាងសម្អាតដៃជាមួយនឹងសាប៊ូ ឱ្យបានញឹកញាប់នៅពេលកាន់ ឬ រៀបចំអាហារ។
ទី៨ ត្រូវបន្តផ្សព្វផ្សាយពីសារសំខាន់នៃការប្រើប្រាស់អាហារបញ្ចូលមីក្រូសារជាតិ ឱ្យបានទូលំទូលាយ និងពង្រីកការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារមូលដ្ឋានជាលក្ខណៈទ្រង់ទ្រាយធំ និងផ្តល់នូវ អាហារូបត្ថម្ភតាមជម្រើសផ្សេងៗមានតម្លៃសមរម្យ ដើម្បីជួយបំពេញកង្វះអាហារូបត្ថម្ភរបស់ប្រជាជន៕ ដោយ៖បញ្ញាស័ក្តិ